ខេត្តបាត់ដំបង ៖ លោកស្នងការរងនគរបាលខេត្តបាត់ដំបងទទូលបន្ទុកបុគ្គលិកបានប្រាប់ ថា ពេលនេះថ្នាក់ដឹកនាំកំពុងចាត់វិធានការតាមនីតិវិធីរបស់អង្គភាពហើយទៅលើសំណុំរឿងលោកនាយប៉ុស្ដិ៍ជ្រោយស្ដៅ ស្រុកថ្មគោល ប្រើប្រាស់អាវុធបាញ់គំរាមលោកមេឃុំ ដោយសារក្ដៅក្រហាយសុំបើកល្បែងស៊ីសងមិនបាន ហើយត្រូវគេបិទស្ងាត់ឈឹងអស់រយៈពេល១ខែមកនោះ ។
ប្រភពពីមន្ត្រីនគរបាលស្រុកថ្មគោលបានឲ្យដឹងថា សំណុំរឿងលោកលោក ហែម សុផុន នាយប៉ុស្ដិ៍ជ្រោយស្ដៅបាញ់មេឃជាច្រើនគ្រាប់គំរាមលោកហ៊ីន ណាគ្រី មេឃុំជ្រោយស្ដៅនេះ បានកើតឡើងតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ មកម្លេះ ដោយសារតែខឹងលោកមេឃុំ «មិនអនុញាតឲ្យបើកល្បែងស៊ីសង» តែត្រូវគេព្យាយាមបិទមិនឲ្យបែកធ្លាយដល់អ្នកសារព័ត៌មានឡើយ ។
យ៉ាងណាក្នុងករណីនេះ មេឃុំជ្រោយស្ដៅ លោកហ៊ីន ណាគ្រី បានបំភ្លឺប្រាប់អ្នកកាសែតថាកាលពីព្រឹកថ្ងៃទី១០ ខែមករាថា ពិតជាមានរឿងនេះកើតឡើងចំពោះរូបលោកមែន ។ លោកមេឃុំប្រាប់ថា លោក ហែម សុផុន បានប្រើប្រាស់កាំភ្លើងបាញ់ជាច្រើនគ្រាប់នៅផ្ទះរបស់ខ្លួន(ផ្ទះនាយប៉ុស្ដិ៍) លុះក្រោយមកក៏បានកាន់កាំភ្លើងមកបង្ករឿងនិងគំរាមកំហែងរូបលោកដល់ផ្ទះទៀត ទាំងខ្លួនស្រវឹងស្រាជោកជាំ ។លោក ហែម សុផុន បានគំរាមកំហែងនិងប្រមាថរូបលោកគ្រប់បែបយ៉ាង ដោយសារទំនាស់រឿងសុំបើកល្បែងស៊ីសង ហើយនៅពេលនាយប៉ុស្តិ៍រូបនេះបានព្យាយាមបង្កបញ្ហាជាមួយលោក តែភ្លាមៗនោះត្រូវបាននាយរងប៉ុស្ដិ៍ និងមន្ត្រីនគរបាលប៉ុស្ដិ៍ប៉ុន្មាននាក់ទៀតមកជួយធ្វើអន្តរាគមន៍ទាន់ពេល វេលា ។ បើមិនដូច្នេាះទេ ប្រហែលអាចប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរជាមិនខាន ។
លោក ហ៊ីន ណាគ្រី បានបញ្ជាក់បន្ថែមអំពីករណីនេះថា កន្លងមកនាយប៉ុស្ដិ៍រូបនេះតែងស្នើសុំបើកល្បែងស៊ីសងនៅក្នុងមូលដ្ឋាន តែលោកមិនអនុញ្ញាត ទើបធ្វើឲ្យលោកនាយប៉ុស្ដិ៍ឈានដល់ការប្រើប្រាស់អាវុធបាញ់មេឃគំរាមកំហែងលោកយ៉ាងនេះ ។បន្ទាប់មក លោកបានដាក់ពាក្យបណ្ដឹងទៅគណៈបញ្ជាការឯកភាពស្រុក និងខេត្តរួចហើយ ដើម្បីឲ្យជួយធ្វើអន្តរាគមន៍និងដោះស្រាយ។ ភ្នាក់ងារយកព័ត៌មានអង្គភាពកាសែតនគរវត្តមិនអាចស្វែងរកការឆ្លើយតបពីលោក ហែម សុផុន នាយប៉ុស្ដិ៍ជ្រោយស្ដៅបានទេ ជុំវិញការចោទប្រកាន់ពីសំណាក់លោកមេឃុំ ពីករណីខាងលើនេះ ។ រីឯលោក ហៀង ប៊ុនថា អធិការរងនគរបាលស្រុកថ្មគោលទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានឆ្លើយបដិសេធយ៉ាងខ្លីថា «ខ្ញុំមិនបានដឹងរឿងនេះទេ» ។ ប៉ុន្តែលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត ទទូលបន្ទុកព្រហ្មទណ្ឌ មានប្រសាសន៍ថា ពិតជាមានរឿងដូចនេះកើតឡើងមែន ហើយពេលនេះ ខាងការិយាល័យជំនាញកំពុងតែចាត់ការ ។ លោកស្នងការរងរូបនេះបញ្ជាក់ថា ប្រសិនការផ្ទុះអាវុធរបស់លោកនាយប៉ុស្ដិ៍ជ្រោយស្ដៅដោយសារតែរឿងសុំបើកល្បែងស៊ីសងមែន វាជាកំហុសធ្ងន់ណាស់សម្រាប់លោកនាយប៉ុស្ដិ៍ ខណៈខ្លួនជាមន្ត្រីនគរបាលយុត្ដិធម៌ ។ពេលនេះថ្នាក់លើត្រូវការឆ្លងយោបល់ក្រុមការងារជាមុនសិន មុនពេលធ្វើការសម្រេច ៕ សហការី