ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់លើកំពុងចាត់ការលោកនាយ​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅបាញ់គំរាមលោកមេឃុំ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ​លោក​ស្នងការ​រង​នគរបាលខេត្តបាត់ដំបងទ​ទូល​បន្ទុក​បុគ្គលិកបាន​ប្រាប់ ​ថា ពេល​នេះ​ថ្នាក់ដឹកនាំ​កំពុង​ចាត់វិធានការ​តាម​នីតិវិធី​របស់​អង្គភាព​ហើយទៅលើសំណុំរឿង​លោកនាយ​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល ប្រើប្រាស់​អាវុធ​បាញ់គំរាម​​លោក​មេឃុំ ដោយសារ​ក្ដៅក្រហាយ​សុំ​បើក​ល្បែងស៊ីសង​មិន​បាន ហើយ​ត្រូវ​គេ​បិទ​ស្ងាត់ឈឹង​អស់​រយៈពេល​១​ខែ​មកនោះ ។

ប្រភព​ពី​មន្ត្រី​នគរបាលស្រុក​ថ្មគោលបាន​ឲ្យ​ដឹង​ថា សំណុំរឿង​លោកលោក ហែម សុ​ផុ​ន នាយ​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅបាញ់​មេឃជាច្រើនគ្រាប់គំរាម​លោក​ហ៊ី​ន ណាគ្រី មេឃុំ​ជ្រោយ​ស្ដៅ​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ មកម្លេះ ដោយសារ​តែ​ខឹង​លោក​មេឃុំ «​មិន​អនុញាត​ឲ្យ​បើក​ល្បែងស៊ីសង​» តែ​ត្រូវ​គេ​ព្យាយាម​បិទ​មិន​ឲ្យ​បែកធ្លាយ​ដល់​អ្នក​សារព័ត៌មាន​ឡើយ ។

យ៉ាងណាក្នុង​ករណី​នេះ មេឃុំ​ជ្រោយ​ស្ដៅ លោក​ហ៊ី​ន ណាគ្រី បាន​បំភ្លឺ​ប្រាប់​អ្នកកាសែត​ថា​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា​ថា ពិតជា​មានរឿង​នេះ​កើតឡើង​ចំពោះ​រូប​លោក​មែន ។ លោក​មេឃុំ​ប្រាប់​ថា លោក ហែម សុ​ផុ​ន បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់​នៅ​ផ្ទះ​របស់​ខ្លួន​(​ផ្ទះ​នាយ​ប៉ុស្ដិ៍​) លុះ​ក្រោយ​មកក៏បាន​កាន់​កាំភ្លើង​មក​បង្ករឿង​និង​គំរាមកំហែង​រូប​លោក​ដល់​ផ្ទះ​ទៀត ទាំង​ខ្លួន​ស្រវឹងស្រា​ជោកជាំ​ ។លោក ហែម សុ​ផុ​ន បាន​គំរាមកំហែង​និង​ប្រមាថ​រូប​លោក​គ្រប់​បែប​យ៉ាង ដោយសារ​ទំនាស់​រឿង​សុំ​បើក​ល្បែងស៊ីសង ហើយនៅពេលនាយ​ប៉ុស្តិ៍​រូប​នេះ​បាន​ព្យាយាម​បង្ក​បញ្ហា​ជាមួយ​លោក តែ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​នាយ​រង​ប៉ុស្ដិ៍ និង​មន្ត្រី​នគរបាល​ប៉ុស្ដិ៍ប៉ុន្មាន​នាក់​ទៀត​មក​ជួយ​ធ្វើអន្តរាគមន៍​ទាន់​ពេល វេលា ។ បើ​មិន​ដូ​ច្នេ​ាះ​ទេ ប្រហែល​អាច​ប្រឈម​មុខ​ដាក់​គ្នា​ធ្ងន់ធ្ងរ​ជា​មិន​ខាន ។

លោក ហ៊ី​ន ណាគ្រី បាន​បញ្ជាក់​បន្ថែម​អំពី​ករណី​នេះ​ថា កន្លង​មក​នាយ​ប៉ុស្ដិ៍​រូប​នេះ​តែង​ស្នើ​សុំ​បើក​ល្បែង​ស៊ីសង​នៅ​ក្នុង​មូលដ្ឋាន តែ​លោក​មិន​អនុញ្ញាត ទើប​ធ្វើ​ឲ្យ​លោកនាយ​ប៉ុស្ដិ៍​ឈាន​ដល់​ការ​ប្រើប្រាស់​អាវុធ​បាញ់​មេឃ​គំរាមកំហែង​លោក​យ៉ាងនេះ ។បន្ទាប់មក លោក​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក និង​ខេត្ត​រួច​ហើយ ដើម្បី​ឲ្យ​ជួយ​ធ្វើអន្តរាគមន៍​និង​ដោះស្រាយ​។ ភ្នាក់ងារយកព័ត៌មានអង្គភាពកាសែតនគរវត្តមិន​អាចស្វែងរក​ការ​ឆ្លើយ​តប​ពី​លោក ហែម សុ​ផុ​ន នាយ​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅ​បាន​ទេ ជុំវិញ​ការ​ចោទប្រកាន់​ពី​សំណាក់​លោក​មេឃុំ ពី​ករណី​ខាងលើ​នេះ ។ រីឯ​លោក ហៀ​ង ប៊ុ​ន​ថា អធិ​ការរង​នគរបាល​ស្រុក​ថ្មគោល​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ បាន​ឆ្លើយ​បដិសេធ​យ៉ាង​ខ្លី​ថា «​ខ្ញុំ​មិន​បានដឹង​​រឿង​នេះ​ទេ​» ។ ប៉ុន្តែ​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត ទ​ទូល​បន្ទុក​ព្រហ្មទណ្ឌ មាន​ប្រសាសន៍​ថា ពិតជា​មានរឿង​ដូចនេះ​កើតឡើង​មែន ហើយ​ពេល​នេះ​ ខាង​ការិយាល័យ​ជំនាញ​កំពុង​តែ​ចាត់ការ ។ លោកស្នងការ​រង​រូប​នេះ​បញ្ជាក់​ថា ប្រ​សិន​ការ​ផ្ទុះអាវុធ​របស់​លោកនាយ​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅដោយ​សារ​តែ​រឿង​សុំបើក​ល្បែងស៊ីសង​មែន វា​ជា​កំហុស​ធ្ងន់​ណាស់​សម្រាប់​លោកនាយ​ប៉ុស្ដិ៍ ខណៈ​ខ្លួន​ជា​មន្ត្រី​នគរ​បាល​យុត្ដិធម៌ ។ពេល​នេះ​ថ្នាក់លើ​ត្រូវការ​ឆ្លង​យោបល់​ក្រុម​ការ​ងារ​​ជា​មុន​សិន មុន​ពេលធ្វើការ​សម្រេច​ ៕ សហការី


ចែករំលែក៖