ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្នុងមូលដ្ឋាសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក បាននាំគ្នាដាក់ពាក្យប្តឹងទៅចៅសង្កាត់ផ្សារដើមគរ ដើម្បីសុំជួយអន្តរាគមន៍បិទទីតាំងអាជីវកម្មខ្វៃជ្រូកមួយកន្លែង ដែលម្ចាស់ឈ្មោះ លឹម លីជាង ស្ថិតនៅផ្ទះលេខ២៦Bz ផ្លូវ២០៦z ភូមិ១៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ព្រោះទីតាំងនេះអាចបង្កគ្រោះថ្នាក់គ្រប់ពេល។
យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋប្តឹងទៅលោកចៅសង្កាត់ផ្សារដើមគរ ដោយសារតែទីតាំងអាជីវកម្មជខ្វៃជ្រូកមួយនេះ បានបង្កហានិភ័យជាច្រើនដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ដូចជា ជះក្លិនស្អុយ ; បង្ហូរអាចម៌ជ្រូកចូលក្នុងលូ ; យកផ្លូវធ្វើជាអាជីវកម្ម និងជាពិសេស កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ កន្លងមកថ្មីនេះ បានបង្កឲ្យមានអគ្គិភ័យឆាបឆេះផងដែរ ធ្វើឲ្យប្រជាពលរដ្ឋភ័យរត់ចែកជើងគ្នា ជួយអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យនោះទាន់ពេលវេលា ។
ក្រោយដាក់ពាក្យបណ្ដឹងរួច ប្រជាពលរដ្ឋក៏សូមពរឲ្យចៅសង្កាត់ផ្សារដើមគរ និងលោក ឯក ឃុនដឿន អភិបាលនៃគណៈអៅិបាលខណ្ឌទួលគោក មេត្តាឲ្យមន្ត្រីជំនាញចុះពិនិត្យមើលទីតាំងអាជីវកម្មខ្វៃជ្រូកខាងលើនេះផង ៕ស តារា