សាក្សីបានរាយការណ៍មកកាន់បណ្តាញព័ត៌មានស្កាយញូវ ថា មានហេតុការណ៍ផ្ទុះបានកក្រើកឡើង និងមានបាញ់កាំភ្លើងធុនធំផងដែរ ស្ថិតនៅឯបរិវេណសណ្ឋាគារប្រណីតមួយនៅក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីព្រលប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ។
ហេតុការណ៍នេះ ជាអំពើភេរវកម្ម កំពុងលាតសន្ធឹងនៅឯបរិវេណសណ្ឋាគារ DusitD2 ។ ពេលនេះ គេមិនទាន់ដឹងថា មានជនរងគ្រោះប៉ុន្មាននាក់បាត់បង់ជីវិតនោះទេ ប៉ុន្តែសាក្សីថា ឃើញសាកសព២នាក់នៅទីកន្លែងកើតហេតុនោះ ។ បរិវេណនេះមានគ្របដណ្តប់ដោយអគារ ធនាគារ និងអគារការិយាល័យបម្រើការងារផ្សេងៗ ។
ប៉ូលិសត្រូវបានគេនិយាយថា បាននិងកំពុងប្រតិបត្តិការបាញ់ប្រហារទៅវិញទៅមកជាមួយជនវាយប្រហារ ។
រថយន្ត និងម៉ូតូជាច្រើនត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ខណៈដែលជនរងរបួសត្រូវបានគេជួយគ្រាហ៍ជម្លៀសចេញពីទីកន្លែងកើតហេតុ ។
ផ្សែងខ្មួលខ្មាញ់គ្របដណ្តប់ពាស់ពេញទីកន្លែង នៅក្នុងតំបន់តែម្តង ខណៈដែលមនុស្សជាច្រើននាក់ ត្រូវគេរាយការណ៍ថា បានរងរបួស ។ ក្រុមឧទ្ទាម Al-Shabab បានទទួលស្គាល់ថាជាទង្វើរបស់ខ្លួន ។
អំពើវាយប្រហារនេះកើតឡើងចំពេលរំលឹកខួបលើកទី៣ នៃការវាយប្រហារនៅទីក្រុង EL-Adde ដែលសម្លាប់មនុស្សនិងទាហានកេនយ៉ាជាច្រើននាក់នៅក្នុងប្រទេសស៊ូម៉ាលី ៕