ព័ត៌មានទាន់ហេតុការណ៍៖

បន្លំខ្លួនជាអ្នកកំដរលួចទូរស័ព្ទអ្នកជំងឺច្រើនលើក ទើបចាប់បានពេលដំឡើងកាម៉េរ៉ាសុវត្ថិភាព

ចែករំលែក៖

ខេត្តកោះកុង ៖ មុខសញ្ញា​លួចទ្រព្យតាមមន្ទីរពេទ្យ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុង​ខេមរភូមិន្ទ ឃាត់ខ្លួនភ្លាមៗ ក្រោយពី​បាន​បន្លំ​ខ្លួន​ធ្វើជា​អ្នក​មក​កំដរ​អ្នក​ជំងឺរួច​លួច​ទូរស័ព្ទ​ដៃiphone6ចំនួន១គ្រឿង នៅក្នុង​មន្ទីរពេទ្យបង្អែក ខេត្តកោះកុង។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានប្រព្រឹត្តទៅកាលពីព្រឹក ថ្ងៃពុធ ១១ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅក្នុង​មន្ទីរពេទ្យបង្អែក ខេត្តកោះកុង ។

នគរបាល​​ក្រុង​ខេមរភូមិន្ទបានឲ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន មានឈ្មោះ ហង្ស ចន្ទ​កក្កដា ហៅ​ដែន ភេទ​ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លេងភ្លេង មាន​ទីលំនៅ​ផ្ទះជួល ក្នុងភូមិ ១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ។ជនសង្ស័យ​នេះ បាន​លួច​ទូរស័ព្ទដៃiphone6 ពណ៌​ទឹកប្រាក់១គ្រឿង របស់​ជនរងគ្រោះ​ឈ្មោះ ប៉េង សំណាង ភេទ​ប្រុស អាយុ៣៦ឆ្នាំ មុខរបរ​កម្មករ កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅក្នុង​មន្ទីរ​បង្អែក​ពេទ្យ​ខេត្តកោះកុង។ រីឯ​ក្រុម​បក្ខពួក​របស់គេផ្សេងៗទៀត​រត់គេច​អស់​បាត់។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​និតិ​វិធី​។

សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ការបន្លំ​ខ្លួន​ធ្វើជា​អ្នក​មក​កំដ​អ្នក​ជំងឺក្នុង​បន្ទប់​មន្ទីរពេទ្យ​បែបនេះមិនមែនជា​លើក​ទី១នោះទេ ការពិត​ជនសង្ស័យធ្វើបានសម្រេចច្រើនដង​មកហើយ​មិនដែលចាប់បានឡើយ ។ ប៉ុន្តែ​ក្រោយ​ពីមន្ទីរពេទ្យ​បានដំឡើងកាមេរ៉ា​សុវត្ថិភាព​តាម​បន្ទប់​របស់​អ្នក​ជំងឺពេលណា​មក ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ជាក់ស្តែង​ដូច​ករណី​លួច​ទូរស័ព្ទ​ខាងលើ​នេះឯង ៕ សហការី


ចែករំលែក៖