ភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់ជើងស្តាំ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូហើយជ្រុលទៅបុករថយន្តមួយគ្រឿង ដែលបត់ត្រឡប់ក្រោយ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះឈ្មោះ ពៅ សាវុធ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិ ព្រៃគុយ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាក Chevrolet ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-2568 បើកបរដោយស្រ្តីម្នាក់ជាភរិយា មន្រ្តីនគរបាលពន្ធនាគារ បើកពីជើងទៅត្បូង ដល់ចំណុចខាងលើ បត់ឆ្វេងត្រឡប់ក្រោយ ស្របពេលដែលជនរងគ្រោះជិះម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AC-7821 ពីជើងទៅត្បូងដែរ គេចមិនទាន់បុកជាមួយរថយន្តតែម្តង បណ្តាលឲ្យដួលរងរបួសជើងស្តាំ ម៉ូតូរងខូចខាត ចំណែករថយន្ត ដាច់ធ្លាក់កាងមុខ ។
ក្រោយកើតហេតុភ្លាម ជនរងគ្រោះមិនទាន់ដឹងថាជើងខ្លួនឈឺកម្រឹតណា នឹកថាមិនអី និយាយគ្នាសុំរួចខ្លួន តែខាងរថយន្តមិនព្រម ចង់បានសំណងដែរ អស់មួយសន្ទុះ ត្រូវបានសមត្ថកិច្ចចុះទៅដល់ អការៈចាប់ផ្តើមឈឺ ចុកពឺតផ្សារ ដឹងខ្លួនថាមិនស្រួល ជនរងគ្រោះទាមទា១០០ដុល្លារ មើលរបួសនិងជួសជុលម៉ូតូ ខាងរថយន្តវិញនៅតែមិនព្រម នឹកចាំពាក្យថាស្មើគ្នា លុះគ្រាន់តែករឡេកឃើញ រថយន្តសង្រ្គោះមកដល់ ដឹងថាមិនស្រួលទេ ជនរងគ្រោះកាន់តែឈឺហើយ ប្តីអ្នកបើកបររថយន្តបង្ក ហុចលុយ២០មុឺនរៀលទៅជនរងគ្រោះ កេះនាំគ្នារត់ឡើងឡានបើកចេញអស់ ។
ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ខណៈដែលភាគីខាងរថយន្តបើកឡានចេញទៅបាត់អស់ សល់តែម៉ូតូ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅជួសជុលដោយខ្លួនឯង ៕ សុខាសែនជ័យ