ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីខ្មែរកម្ពុជាក្រោមម្នាក់ ដេកស្លាប់ក្នុងបន្ទាប់ជួលនៅខណ្ឌដង្កោ សង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅតាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីខ្មែរកម្ពុជាក្រោមម្នាក់ដេកស្លាប់ ។

ស្ត្រីរងគ្រោះ(ស្លាប់)ខាងលើត្រូវបានអ្នកជិតខាងស្គាល់ឈ្មោះ យាយ ម៉ៅ អាយុជាង៥០ឆ្នាំ មុខរបរលក់គ្រឿងកាឡៃ មុខរោងចក្រ ស្នាក់នៅបន្ទាប់ជួល ក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅឯកម្ពុជាក្រោម ។

យោងតាមប្រភពពីអ្នកជិតខាង ដែលរស់នៅក្បែរផ្ទះជួលស្ត្រីរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះ បានរស់នៅម្នាក់ឯង ធ្លាប់មានប្ដី (លែងគ្នា) គ្មានកូន នៅកន្លែងកើតហេតុជិត១០ឆ្នាំមកហើយ ដោយរូបគាត់ជាមនុស្សស្លូតបូតណាស់ ហើយនៅថ្ងៃកើតហេតុ អ្នកជួលបន្ទាប់ជាប់គ្នាឆ្ងល់មិនឃើញស្ត្រីរងគ្រោះទៅលក់ដូរដូចសព្វមួយដង រួចក៏បានប្រាប់ម្ចាស់ផ្ទះ និងបានឡើងទៅគាស់បង្អួចមើល ស្រាប់តែឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងមុងទៅហើយ រួចក៏បន្តរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅជំនាញខាងកោសល្យវិច័យ ឲ្យមកពិនិត្យ និងធ្វើកំណត់ហេតុ ។ បន្ទាប់ក្រោយមក ខាងជំនាញកោសល្យវិច័យ បានពិនិត្យឃើញ និងសនិដ្ឋានថា ស្ត្រីរងគ្រោះពិតជា ខ្យល់គរ ស្លាប់ដោយខ្លួនឯងពិតមែន ។ បច្ចុប្បន្ន សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅដម្កល់នៅវត្តសំបូរមាស រង់ចាំស្រាវជ្រាវរកសាច់ញាតិ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖