ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់ស្លាប់ និងបុរសម្នាក់របួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនឹងរថយន្តកែច្នៃ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកនឹងរថយន្តកែច្នៃ ក្នុងទិសដៅស្របគ្នា (ពីកើតទៅលិច) បណ្តាលឲ្យស្រ្ដីម្នាក់ស្លាប់ និងបុរសម្នាក់របួសស្រាល ព្រមទាំង ខូចខាតរថយន្តចំនួន០២គ្រឿង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២ និង១០នាទី ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ លើកណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ២០២-២០៣ ភូមិក្រសាំង(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 3D.1561 បើកបរដោយឈ្មោះ ឆុន ធឿន ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិថ្មី ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ របួសស្រាល (គេចខ្លួន) អ្នករួមដំណើរឈ្មោះ ថន ស្រីរ័ត្ន ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបររថយន្ត ស្លាប់នៅមន្ទីរពេទ្យស្ទោង ។

ចំណែករថយន្តកែច្នៃ ពណ៌ក្រហមចាស់ ស្លាកលេខគ្មាន អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួន

មូលហេតុអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ បើកបរក្នុងស្ថានភាពងងុយគេង និងមានល្បឿនលឿន ទៅបុកគូទរថយន្តកែច្នៃពីក្រោយ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖