ភ្នំពេញ៖ កម្មករដាក់លូ និងដាក់សសរបង្គោលភ្លើងបេតុងម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹង រួចចូលដេកក្នុងបន្ទប់ជួល ជាមួយក្មួយប្រុស ព្រឹកឡើងដេកស្លាប់ ដោយសមត្ថកិច្ចជំនាញបញ្ជាក់ថាខ្យល់គរ ។
ហេតុការណ៍នេះ ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង១០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម២ ចំណុចបន្ទប់ជួល ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
បុរសដេកស្លាប់ខាងលើនេះមានឈ្មោះនៅ ភឿនភេទប្រុសអាយុ៣៤ឆ្នាំមុខរបរកម្មករធ្វើបង្គោលភ្លើងស្នាក់នៅកន្លែងកើតហេតុមានស្រុកកំណើតភូមិបុរីរម្យឃុំវាលពង់ ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ។ ចំណែកក្មួយប្រុសដែលដេកជាមួយឈ្មោះនេត្យ ផានិត ភេទប្រុសអាយុ២១ស្នាក់នៅជាមួយគ្នា ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រានៅមុខបន្ទប់នៅខាងក្រៅផឹកជាមួយមិត្តភក្របន្ទាប់មកនៅម៉ោងប្រហែល៨ និង១៥នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ក្រោយពីផឹកស្រាជាមួយមិត្តភក្តិរួចបែកគ្នាជនរងគ្រោះបានចូលក្នុងបន្ទប់ហូបបាយដោយចងមុងដេកហើយបានប្រាប់ក្មួយថា គាត់ស្រវឹងហើយពេលជនរងគ្រោះចូលដេកក្មួយប្រុសបានចេញមកខាងក្រៅបន្ទប់ដើម្បីងូតទឹករួចចូលដេកជាមួយគ្នា ។ លុះម៉ោងប្រហែល៦ និង១០នាទីព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០១៩ម្ចាស់បន្ទប់ជួលបានស្រែកហៅក្មួយជនរងគ្រោះព្រោះដេកខកម៉ោងធ្វើការ ។
ពេលក្មួយប្រុសជនរងគ្រោះភ្ញាក់ក៏បានសាមុងទុក ហើយហៅពូរបស់គាត់មិនភ្ញាក់ស្ទាប់ដៃជើងរឹងអស់ពេលនោះក្មួយជនរងគ្រោះចេញក្រៅបន្ទប់ស្រែកហៅ ឲ្យគេមកមើល ក៏ឃើញជនរងគ្រោះស្លាប់រឹងខ្លួនទៅហើយ ។
ក្រោយមក ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលរដ្ឋាន និងទាក់ទងសមត្ថកិច្ចជំនាញ ឲ្យចុះមកកន្លែងកើតហេតុដើម្បីពិនិត្យបន្ទាប់ពីពិនិត្យរួចរាល់ហើយបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយគាំបេះដូង (ខ្យល់គរ) ហើយបានប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕អរុណរះ