ខេត្តកំពង់ស្ពឺ៖ ក្មេងស្រី២នាក់បងប្អូនដែលឪពុកម្តាយ កំពុងពេញ ស្រឡាញ់បាននាំគ្នា ទៅលេងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់ទាំង២នាក់ ធ្វើឲ្យម្តាយឪពុកយំបោកខ្លួន ព្រោះតែស្តាយស្រណោះមិនគួរណាស្លាប់ទាំងក្មេងខ្ចីបែបនេះសោះ ។
ករណីលង់ទឹកនេះ កើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មានករណីក្មេងស្រី ២នាក់ (ជាបងប្អូនគ្នា) បានលង់ទឹកស្រះស្លាប់ នៅចំណុចស្រះទឹកក្នុងភូមិតាឡាត់ថ្មី ឃុំអូរស្រុកភ្នំស្រួច ។
ក្មេងស្រីទាំង២នាក់៖ ទី១ឈ្មោះ ឈឹន រតនា ភេទស្រី អាយុ០៦ឆ្នាំ និង២ ឈ្មោះ ឈឹន នឿន ភេទស្រីអាយុ០៥ឆ្នាំ មានឪពុកឈ្មោះ រ៉េត ឈឹន អាយុ៥០ឆ្នាំ និងម្តាយឈ្មោះ ហម រ៉ាន់ អាយុ៤៨ឆ្នាំរស់នៅភូមិឃុំកើតហេតុ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ បាននាំគ្នាទៅមុជទឹកស្រះ នៅចំណុចដីរបស់ឈ្មោះស៊ីម ហ៊ុច ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្តាលឲ្យក្មេងស្រីទាំងពីរលង់ទឹកស្លាប់តែម្ដង ។
ក្រោយកើតហេតុសមត្ថកិច្ច និងអាជ្ញារធភូមិឃុំ បានពិនិត្យទៅលើកសពក្មេងស្រីរងគ្រោះទាំង០២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកមែន រួចក៏ប្រគល់សពទៅឲ្យឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕ សេនាស័ក្តិ