ព័ត៌មានទាន់ហេតុការណ៍៖

កំពុងធ្វើសកម្មភាពគាស់ផ្ទះ ប្រជាពលរដ្ឋស្រែក ផ្អើលដេញចាប់បានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពគាស់បន្ទប់ជួល ប្រជាពលរដ្ឋ តែមិនទាន់បានសម្រេចផង អ្នកជិតខាងមកដល់ឃើញទាន់ ក៏ស្រែកឆោឡោឡើង បង្កការភ្ញាក់ផ្អើលដេញចាប់បានម្នាក់ចំណែក២នាក់ទៀតគេចខ្លួនបាត់ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបុរីសីដនី ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យខាងលើឈ្មោះ ចាន់ ប៊ូនី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករោងចក្រ សិប្បកម្មដែក ក្នុងភូមិកើតហេតុ ស្នាក់នៅក្នុងភូមិខាងលើ មានស្រុកកំណើត ភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

តាមចម្លើយសារភាពជនសង្ស័យ បានឲ្យដឹងថា មុននឹងធ្វើសកម្មភាពពួកគេបានគ្នា៣នាក់បាននាំគ្នាចូលរាំលេងក្នុងក្លឹបពេលចេញមកវិញអស់លុយពីខ្លួន ក៏បែកគំនិតបានចូលធ្វើសកម្មភាពគាស់ចូលផ្ទះ ខ្លួននៅចាំខាងក្រៅ លុះគេស្រែក ២នាក់នោះរត់គេចទៅបាត់ ខណ:ខ្លួនក៏ត្រូវពលរដ្ឋចាប់បានតែម្តង ហើយសកម្មភាពបែបនេះ ធ្លាប់បានប្រព្រឹត្ត៤លើកមកហើយ ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចបាននាំទៅសាកសួរ នៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ បន្តតាមនីតិវិធី ៕ សុខាសែ​នជ័យ


ចែករំលែក៖