ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដបាឡែនបុករថយន្ដហ៊ីយ៉ាន់ដាយពេញមួយទំហឹង បណ្ដាលឲ្យហោះរំលងផ្លូវត្រូវរថយន្ដមួយគ្រឿងទៀត បើកច្រាស់ទិសបុកបន្ថែមបណ្ដាលឲ្យស្លាប់ និងរបួស៤នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្ដកាមរីបាឡែនមួយគ្រឿងបើកបោះពួយដូចហោះ ឈប់មិនទាន់បានជ្រុលទៅបុករថយន្ដហ៊ីយ៉ាន់ដាយធុនធំពីក្រោយបើកស្របពេញមួយទំហឹង បណ្ដាលឲ្យរថយន្ដបាឡែនឃ្ទាតហោះរំលងផ្លូវចូលទៅគន្លងផ្លូវម្ខាងទៀត ត្រូវរថយន្ដតាកូម៉ាបើកច្រាស់ទិសគ្នាបុកបន្ថែមទៀត ធ្វើឲ្យអ្នកបើកបររថយន្ដបាឡែនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នកបើកបរថយន្ដតាកូម៉ារងរបួសស្រាល ៣នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ២២និង១០ នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ហេង ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសាឡុង ឃុំសាឡុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាអ្នកបើកបររថយន្ដម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-36002 ។ ចំណែកជនរងគ្រោះរងរបួសស្រាលមាន៣នាក់ ទី១-ឈ្មោះ ស៊ឹង សំអាត ភេទប្រុស អាយុ៥២ឆ្នាំ ជាអ្នកបើកបររថយន្ដម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AE-2810 ទី២-ឈ្មោះ ព្រុយ ផល្លី ភេទស្រី អាយុ៤០ឆ្នាំ និងទី២-ឈ្មោះស៊ៀ សុមាលី ភេទស្រីអាយុ៤ឆ្នាំ ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែករថយន្ដមួយគ្រឿងទៀតដែលរថយន្ដបាឡែនបើកបុកពីក្រោយម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2Q-6944 បើកបរដោយឈ្មោះ សាយ សារុំ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំដូនតី ស្រុកពញ្ញាក្រែកខេត្តត្បូងឃ្មុំ ។

ប្រភពដដែលបានបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដកាមរីបាឡែនបើកបរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដីពីជើងទៅត្បូង ដោយបោះពួយលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកគូថរថយន្ដម៉ាកហ៊ីយ៉ានដាយពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យរថយន្ដកាមរីបាឡែនហោះរំលងសួនច្បារទ្រូងផ្លូវ ចូលក្នុងគន្លងផ្លូវម្ខាងទៀត ស្របគ្នានោះក៏មានរថយន្ដម៉ាកតាកូម៉ាមួយគ្រឿងទៀតបើកក្នុងទិសដៅពីត្បូងទៅជើង ឈប់មិនទាន់បានបុករថយន្ដបាឡែនបន្ថែមទៀត បណ្ដាលឲ្យអ្នកបើកបររថយន្ដបាឡែនស្លាប់បាត់បង់ជីវិតភ្លាមៗ រីឯអ្នកបើកបររថយន្ដតាកូម៉ារងរបួសស្រាល៣នាក់ ។

ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលជំនាញចរាចរណ៍ស្រុកបានចុះធ្វើការអន្ដរាគមន៍កន្លែងកើតហេតុ រួចពិនិត្យវាស់វែង និងកសាងឯកសារដកហូតយករថយន្ដទាំង៣គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖