ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយស៊ីរីគំរាមវាយប្រហារ អ៊ីស្រាអែល ពង្រឹងប្រព័ន្ធការពារមីស៊ីល

ចែករំលែក៖

អ៊ីស្រាអែល បានសម្រេចពង្រឹងប្រព័ន្ធមីស៊ីលការពារ នៅតាមបណ្តោយព្រំដែន ដើម្បីទប់ស្កាត់ការវាយប្រហារ ពីអ៊ីរ៉ង់ និងស៊ីរី ក្រោយពេល រដ្ឋាភិបាលស៊ីរីប្រកាសថា ប្រព័ន្ធមីស៊ីលទាំងអស់បានតម្រង់ទៅកាន់អ៊ីស្រាអែល​។

សារព័ត៌មានស៊ីនហួបានផ្សាយថា កម្លាំងទាហាន អ៊ីស្រាអែលបានឲ្យដឹងថា ប្រព័ន្ធការពារគ្រាប់រ៉ុក្កែត Iron Dome ​ត្រូវបានដាក់ពង្រាយ​នៅភាគកណ្តាលប្រទេស ខណៈភាពតានតឹងបានកើនឡើង​នៅតាមព្រំដែន។
​​
មន្រ្តី​យោធាអ៊ីស្រាអែល​ដែល​បាន​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណថា ប្រព័ន្ធការពារ​រ៉ុក្កែត Iron Dome ត្រូវ​បាន​ដាក់​ពង្រាយ​នៅតំបន់ Gush Dan ដែលជាបេះដូងនៃទីក្រុង​​តែល​អាវីវ។ មិនតែប៉ុណ្ណោះប្រព័ន្ធ Iron Dome ក៏ត្រូវបាន​ដាក់​ពង្រាយ​នៅ​ភាគខាងត្បូងអ៊ីស្រាអែល ដើម្បីគាំទ្រដល់ប្រព័ន្ធប្រឆាំង​គ្រាប់រ៉ុក្កែតដទៃទៀត​ នៅក្នុងតំបន់ផងដែរ។

គួរជម្រាបថា កាលពី២ថ្ងៃមុន ឯកអគ្គរដ្ឋទូត​ស៊ីរី​ប្រចាំអង្គការសហប្រជាជាតិបានព្រមាន​ថា ​រដ្ឋាភិបាលទីក្រុងដាម៉ាស់​អាច​​នឹង​​ធ្វើការវាយប្រហារ​ទៅលើ​អាកាសយានដ្ឋាន Ben Gurion ដែលនៅជាយក្រុងតែលអាវីវ ប្រសិនបើស្ថាប័នអន្តរជាតិនេះ នៅតែ​ឱបដៃឈរមើល​ ការវាយប្រហារ​តាមផ្លូវអាកាសជាដដែលៗ​​របស់អ៊ីស្រាអែល ទៅលើ​ប្រទេសស៊ីរី។

កន្លងមកថ្មីៗមន្ត្រីជាន់ខ្ពស់ស៊ីរី ប្រចាំនៅអង្គការសហប្រជាតិ លោក Bashar Jaafari បាននិយាយថា រដ្ឋាភិបាលនឹងធ្វើការឆ្លើយតប ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល មកលើព្រលានយន្តហោះក្រុងដាម៉ាស ជាមួយនឹងការវាយប្រហារទៅវិញ នៅព្រលានយន្តហោះក្រុង Tel Aviv។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

លោក Jaafari បាននិយាយថា «វាដល់ពេលហើយដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវចាត់វិធានការ ដើម្បីបញ្ឈប់ការវាយប្រហារ ដោយឥតឈប់ឈរមកលើទឹកដីស៊ីរី ពីសំណាក់អ៊ីស្រាអែល»។

ក្នុងនោះលោក បានបន្ថែមថា ស៊ីរី អាចនឹងប្រើសិទ្ធិការពារខ្លួន ជាមួយការឆ្លើយតបទៅវិញ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនាពេលថ្មីៗនេះផងដែរ៕


ចែករំលែក៖