ខេត្តមណ្ឌលគិរី៖ រថយន្តខ្នាតយក្ស ម៉ាកវេអង (V1) ដែលគេសង្ស័យថា ដឹកលើសទម្ងន់ ធ្វើឲ្យម៉ាស៊ីនរថយន្ត ខូចអូសឡើងទួលទៅមុខលែងរួច កណ្ដាលឲ្យរអិលថយក្រោយរេចង្កូតកាច់ក្បាល ជាប់គាំងទទឹងផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍ទាំងព្រឹកពេញផ្លូវ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ប្រមាណជា០៧និង១០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៧៦ចំណុច ( អូរអើយ)ក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
ក្នុងហេតុការណ៍ខាងលើ អ្នកបើកបរបានប្រាប់ថា រថយន្តនេះដឹកដំឡូងមី ចេញពីទីរួមខេត្តមណ្ឌលគិរី ឆ្ពោះទៅស្រុកកែវសីមា ។
ប្រភពបន្តថា ពេលរថយន្តមកដល់ ចំណុចកើតហេតុ ស្រាប់តែម៉ាស៊ីនខូច កណ្ដាលផ្លូវតែម្ដង ហើយជាសំណាងដែរ ដែលរថយន្តនេះ ពុំបានធ្លាក់ទៅខាងក្រោមគ្រាន់តែរអិលថយក្រោយ បត់ក្បាលទទឹងផ្លូវតែម្តង ។
ទោះមានការ អះអាងថា រថយន្តដឹកដំឡូងមីក៏ដោយ ក៏សមត្ថកិច្ចខេត្តមណ្ឌលគិរី នៅតែឆែកឆេរ ដដែលដោយសង្ស័យថា រថយន្តនេះ អាចនឹង មានបង្កប់ឈើខុសច្បាប់ ។
តាមប្រភពបានឲ្យដឹងថាតាំងពីម៉ោង០៧ ព្រឹក រហូតមកដល់ម៉ោង១២.០០នាទីថ្ងៃដដែលនេះ រថយន្តធុនយក្សដែលខូច ទទឹងផ្លូវជាតិនោះនៅមិនទាន់មាន ការអូសចេញ ឬ ដោះស្រាយរកមធ្យោបាយ សម្រាប់រថយន្តដទៃទៀតចរាចរណ៍ឆ្លងកាត់បានឬសមត្ថកិច្ចធ្វើការឆែកឆេរនៅឡើយទេ ។
ប្រភពពីសមត្ថកិច្ចដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ថានឹងធ្វើការឆែកឆេរ រថយន្តដឹកដំឡូងមីនោះ ឲ្យបានជាក់លាក់ តើមានអ្វីបង្កប់នៅពីក្រោមដំឡូងមីនោះ ។
ខណៈរថយន្តធុនធំនេះកំពុងជាប់គាំងនោះ ក៏មានប្រភពរាយការណ៍ពីក្នុងភូមិសាស្ត្រឃុំពូជ្រៃ ស្រុកពេជ្រាដា មកថា មានរថយន្តធុនធំចំនួន០៨គ្រឿងទៀត ក៏កំពុងតែសម្ងំលាក់ខ្លួនត្រៀមធ្វើចរាចរណ៍លើផ្លូវ ជាតិលេខ៧៦នេះ ។
ប៉ុន្តែនៅយប់នោះ កាលៈទេសៈមិនអំណោយផលដល់ការធ្វើចរាចរណ៍របស់រថយន្តធុនធំនោះទេ ។
ប្រភពដដែលថា រថយន្តទាំង០៨គ្រឿងខាងលើដឹកឈើចេញពីក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុង ស្រុកកោះញែក ។
ការិះគន់ថា ការដឹកជញ្ជូនឈើរបស់ក្រុមរថយន្តទាំង៨គ្រឿងនោះ កំពុងបង្កការបំផ្លាញផ្លូវជាតិលេខ៧៦ ជាច្រើនកន្លែង ព្រោះតែមានការផ្ទុកលើសចំណុះ ហើយគេក៏មានការ សង្ស័យដែរថា បើសិនជារថយន្តនោះ មានច្បាប់ អនុញ្ញាត ដឹកឈើត្រឹមត្រូវ តាមលក្ខណៈ ស្តង់ដាហើយនោះ ហេតុអ្វីចាំបាច់ពួនសម្ងំរង់ចាំឱកាសល្អដើម្បីលួចចេញពីទឹកដីនៃខេត្តមណ្ឌលគិរីបែបនេះទៅវិញ? ៕ ជីវន្ត័