ខេត្តកំពង់ស្ពឺ៖ បុរស៣នាក់បាននាំគ្នាចូលផឹកស៊ី និងច្រៀងខារ៉ាអូខេ ទំនងជាជ្រុលខ្លួន ខ្វះលុយឲ្យគេ បង្កទៅជារឿងឈ្លោះ ទាញកាំបិតផ្គាក់សម្លុតគំរាមចង់សម្លាប់ម្ចាស់ហាងថែមទៀត ទីបំផុត បុរសទាំង៣ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។
ករណីនេះកើតឡើងនាវាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យមានឈ្មោះ ថា ថៃ ភេទប្រុស អាយុ២៣ឆ្នាំ, ឈ្មោះ ឡេង រ៉េត ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ យ៉ន មេត្តា ភេទប្រុស អាយុ២៣ឆ្នាំ ទាំង៣នាក់រស់នៅភូមិក្រាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ប្រភពពីមន្ត្រីនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កទាំង៣ បាននាំគ្នាចូលផឹកស៊ី និងច្រៀងខារ៉ាអូខេនៅចំណុចយីហោ រស្មីឱរ៉ាល់ ដែលមានម្ចាស់ឈ្មោះ ញឹប សុខុម ភេទប្រុស រស់នៅចំណុចកើតហេតុខាងលើ ។ ក្រុមជនបង្កបានកុម្ម៉ង់ម្ហូប និងស្រាបៀផឹកស៊ី និងច្រៀងខារ៉ាអូខេតាំងពីក្បាលព្រលប់ រហូតដល់ពេលកើតហេតុ នៅពេលគិតលុយ ម្ចាស់ហាងបានយកវិក្ក័យបត្រទៅឲ្យក្រុមជនបង្ក ដែលទឹកប្រាក់សរុបមានចំនួន៤២ម៉ឺនរៀល ។ នៅពេលឃើញអស់លុយច្រើន ក្រុមជនសង្ស័យ មានចេតនាគេចវេះ រកលេសឈ្លោះជាមួយម្ចាស់ហាង ហើយធ្វើសកម្មភាពប្រុងបណ្តោះគ្នារត់គេចខ្លួន តែត្រូវម្ចាស់ហាងឃាត់មិនឲ្យរត់ចេញពីហាងនោះឡើយ ។ ដោយខឹងសម្បារនឹងម្ចាស់ហាង ក្រុមជនសង្ស័យបានស្ទុះទៅទាញកាំបិតផ្គាក់ ប្រុងកាប់ទៅលើម្ចាស់ហាង ព្រមទាំងស្រែកឡូឡាថា ម្ចាស់ហាង លក់ម្ហូប និងស្រាបៀរកោខ្លួន ។
ដោយឃើញសភាពការណ៍មិនស្រួល ម្ចាស់ហាងក៏បានរត់មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ឃាត់ខ្លួនជនទាំងបី ដើម្បីឲ្យទទួលខុសត្រូវ ចំពោះថ្លៃម្ហូប និងស្រាបៀរ និងថ្លៃច្រៀង តាមចំនួនកំណត់ក្នុងវិក្ក័យបត្រ ។ នៅពេលដែលនគរបាលឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ បានសារភាពថា មកពីពួកខ្លួនមិនមានលុយគ្រប់ឲ្យទៅម្ចាស់ហាង ទើបរកលេសបង្កជាជម្លោះតែម្តងទៅ ពួកខ្លួនគ្មានចេតនា កាប់សម្លាប់ម្ចាស់ហាងនោះទេ ។
នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីស្តាប់ចម្លើយសារភាពរបស់ក្រុមជនបង្ករួចមក សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង៣នាក់ទៅកាន់ការិយាល័យព្រហ្មទណ្ឌខេត្តបន្តនីតិវិធី ៕ សេនាស័ក្តិ