ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ស្លាប់ ក្រោយសម្រាលកូនរួច នៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់បានស្លាប់ ក្រោយពេលសម្រាលកូនរួច នៅមណ្ឌលសុខភាព ស្រុកចន្ទ្រា (មណ្ឌលសុខភាព មេ ស ថ្ងក) ស្ថិតនៅភូមិពោធិ៍ ឃុំ មេ. ស ថ្ងក. ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។ នេះបើតាមការបានអះអាងរបស់ក្រុមគ្រួសារសពបញ្ជាក់ថា ប្អូនស្រីរបស់គាត់ មានឈ្មោះ ប្រាក់ សូដា បានឈឺពោះ សម្រាលកូន តាំងតែពីម៉ោងប្រហែល២រសៀល ហើយកូនសម្រាលមកមានសុខភាពល្អប្រសើរណាស់។ ប៉ុន្តែដោយគ្រូពេទ្យមិនដឹងថា មានជំនាញច្បាស់លាស់ ឬយ៉ាងណានោះទេ បន្ទាប់ពីទម្លាក់សុកធ្វើឲ្យប្អូនស្រីរបស់គាត់មានអាការធ្លាក់លោហិតយ៉ាងច្រើន ហើយចេះតែខ្សោយទៅៗ រហូតដល់ម៉ោងប្រហែល៤រសៀល ទើបបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកជីភូ ជាអកុសលទៅដល់មន្ទីរពេទ្យភ្លាមក៏បាត់បង់ជីវិត ចោលបុត្រា និងក្រុមគ្រួសារស្វាមីបងប្អូនទាំងវ័យក្មេងខ្ចីបែបនេះ។

ប្រភពខាងលើបានបន្តទៀតថា៖ នៅមិនទាន់ដឹងមូលហេតុច្បាស់លាស់យ៉ាងណានោះទេ ប៉ុន្តែតាមដឹងមណ្ឌលសុខភាពមេសថ្ងក ស្រុកចន្រ្ទានេះ ធ្លាប់មានប្រជាពលរដ្ឋរិះគន់ច្រើនដងហើយ ចំពោះអាកប្បកិរិយានៃអ្នកគ្រូពេទ្យ ដែលមិនសមរម្យក្នុងការជួយសង្គ្រោះ ជាពិសេសប្រើសំដីអសុរោះជាច្រើនផងទៅលើអ្នកជំងឺ ខ្លះមិនហ៊ាននិយាយទេ ព្រោះមិនដឹងថា ទៅពឹងពាក់ខាងណា ជួយអន្តរាគមន៍ ។

ក្នុងនោះដែរ គ្រួសារជនរងគ្រោះបានសំណូមសូមលោកប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង មេត្តាជួយសម្រួលចាត់មន្រ្តីចុះមកអន្តរាគមន៍ ស្រាវជ្រាវចំពោះបញ្ហានេះផង ដោយហេតុថា ជីវិតជនរងគ្រោះស្លាប់ហើយ មិនអាចរស់វិញបានទេ ហើយនេះជាការសោកសង្រេង ដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបានឡើយ ហើយសូមកុំឲ្យបញ្ហានេះកើតឡើងចំពោះបងប្អូនប្រជាពលរដ្ឋដែលមានផ្ទៃពោះក្រោយៗទៀត។

ពាក់ព័ន្ធករណីនេះ ដែរ លោក កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមទូរស័ព្ទនៅព្រឹកថ្ងៃ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ថា៖ ពិតជាមានករណីសម្រាលកូនរួចស្លាប់ ប៉ុន្តែការស្លាប់នេះ លោកពុំទាន់ដឹងថា បណ្តាល មកពីគ្រូពេទ្យ ឬពីអ្នកជំងឺនោះទេ ហើយលោកកំពុងចាត់ឲ្យប្រធានអូឌីមន្ត្រីជំនាញចុះស្រាវជ្រាវករណីនេះហើយ ។

លោកបានបន្តទៀតថា៖ ចំពោះការរិះគន់ថា មណ្ឌលសុខភាព មេ ស ថ្ងក នេះធ្លាប់មានប្រជាពលរដ្ឋរិះគន់ច្រើនដងហើយ ចំពោះអកប្បកិរិយា នៃអ្នកគ្រូពេទ្យដែលមិនសមរម្យក្នុងការជួយសង្គ្រោះជាពិសេស ប្រើសំដីអសុរោះ ជាច្រើនផងទៅលើអ្នកជំងឺខ្លះមិនហ៊ាននិយាយទេ ព្រោះមិនដឹងថាទៅពឹងពាក់ខាងណាជួយអន្តរាគមន៍នោះទេ លោកមិនដឹងថា ការលើកឡើងចំពោះគ្រូពេទ្យមួយណានោះទេ ហើយបើមានករណីចឹងមែននោះ លោកចាត់វិធានវិការណ៍ចំពោះអ្នកនោះភ្លាម។

សពប្អូនស្រី ប្រាក់ សូដា ត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យតាមប្រពៃណីនៅគេហដ្ឋានប្អូនស្រី ស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ៕ យឹម សុថាន


ចែករំលែក៖