ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ឆ្មក់បង្ក្រាបឈើដុល ចម្រុះជាង១០០កំណាត់ និងម៉ាស៊ីនរ៉ៃ២គ្រឿង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យោងតាមប្រភពពីមន្ត្រីនគរបាលស្រុកឱរ៉ាល់ម្នាក់ បានបង្ហើបឲ្យដឹងថា រោងម៉ាសុីអារឈើខុសច្បាប់ចំនួន០២ និងឈើដុលជាច្រើនដុំ 《ជាង១០០កំណាត់》 ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះបង្ក្រាប និងដកហូតប្រគល់ឲ្យជំនាញបរិស្ថាន ចាត់ការបន្ត តែការបង្ក្រាបនេះ មិនត្រូវបានឃាត់ខ្លួនឈ្មួញឈើណាម្នាក់ឡើយ ដែលឈ្មួញខ្លះ មានឱកាសបានរើម៉ាសុី និងឈើចេញមុនប្រតិបត្តិការចាប់ផ្តើមទៀតផង ហាក់បីដូចជាមានអ្នកឲ្យការ ឬទូរសព្ទ័ប្រាប់មុន ទើបបែកការណ៍នោះ ។

ប្រភពដដែលបានបង្ហើបថា ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ ដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ផងដែរ ស្ថិតនៅក្នុងភូមិតាជន់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ក្នុងការចុះបង្ក្រាបរោងម៉ាសុីនអារឈើខុសច្បាប់មួយកន្លែង នេះ មិនត្រូវបានឃាត់ខ្លួនម្ចាស់ឡើយ (ម្ចាស់រត់បាត់ស្រមោលហាក់បីដូចមានគេប្រាប់ឲ្យរត់) ក្រោយពីឆ្មក់បង្ក្រាបរួចហើយ ក្នុងនោះកម្លាំងសមត្ថកិច្ចបាន ដកហូតបាន ម៉ាសុីនរ៉ៃចំនួន២គ្រឿង, ម៉ាសុីនច្រៀកចំនួន០១គ្រឿង, ឈើអារក្តារជញ្ជាំង០៣ម៉ែត្រគូប ,ឈើដុលចម្រុះជាង ១០០កំណាត់ ។

បន្ទាប់ពីបង្ក្រាបរួចមក សមត្ថកិច្ចបានបន្តសហការ​ និងប្រគល់ឲ្យមន្ត្រីបរិស្ថានដែនសត្វព្រៃភ្នំឱរ៉ាល់ វាស់វែងយកទៅរក្សាទុក ដើម្បីបន្តនីតិវិធី និងបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់ផងដែរ ។

ដោយឡែកមានការលើកឡើងផងដែរថា ការចុះបង្ក្រាបនេះ អ្នកណាដែលមានសម្ពន្ធភាពនឹងក្រុមសមត្ថកិច្ច ដែលសុទ្ធសឹងជាឈ្មួញឈើធំៗប្រចាំស្រុកឱរ៉ាល់នោះដែរ មានឱកាសបានរើម៉ាសុីនចេញផុតពីការបង្ក្រាប ចំណែកអ្នកដែលមិនជិតដិត ហើយគ្មានទំនាក់ទំនងដូចលោក រ៉េត ម្ចាស់ម៉ាសុីនដែលត្រូវបង្ក្រាបខាងលើនេះ មានវាសនាមិនល្អ ។ នេះមិនខុសអីពីពាក្យថា កន្ទេលធំ បន្លំដេកនោះឡើយ (អ្នកមានខ្នងដឹងមុន អ្នកអត់ខ្នងរត់មិនរួច ត្រូវចាប់បង្ក្រាប) ។

ករណីបង្ក្រាបម៉ាស៊ីនអារឈើខាងលើនេះផងដែរ មហាជនក៏បានរិះគន់ទៅលើលោក ខន សុខុន ជានាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ថា អសមត្ថភាពក្នុងការបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ដោយមិនដែលបង្ក្រាបសូម្បីតែមួយករណីណាឡើយ គឺចាំតែបញ្ជាកូនចៅ មន្ត្រីក្រោមឱវ៉ាទចាំយកលុយពីបទល្មើសព្រៃឈើតែប៉ុណ្ណោះ ។

ជាងនេះទៅទៀត មហាជនសង្កេតឃើញថា ម្តងណាក៏ដោយ ឃើញតែសមត្ថកិច្ចមកពីក្រៅជាអ្នកបង្ក្រាបបទល្មើសទៅវិញ ។ ចំណែកសមត្ថកិច្ច ជំនាញពាក់ពន្ធ័នានានៅក្នុងខេត្តកំពង់ស្ពឺ មានតាំងពីជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីនគរបាលសេដ្ឋកិច្ចខេត្ត មន្ត្រីយោធា ជាពិសេសគឺជំនាញបរិស្ថានតែម្តង មិនដែលឃើញបង្ក្រាបឡើយ តាំងពីការបង្កើតឲ្យមានមន្ត្រីអភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មកឃើញតែបទល្មើសព្រៃឈើកើនឡើងទ្វេដងទៀតផង ៕ សេនាស័ក្តិ


ចែករំលែក៖