ព័ត៌មានទាន់ហេតុការណ៍៖

សុំច្បាប់២ល្វែង តែសង់៤ល្វែងមិនញញើតអាជ្ញាធរខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ ៖ សំណង់ដ៏ធំស្កឹមស្កៃមួយ កន្លែង ដែលគេស្គាល់ថាជារបស់លោក ឡឹម អ៊ូ និងប្រពន្ធឈ្មោះដួង រស្មី ត្រូវបាន អាជ្ញាធរ អះអាងថា អត់ច្បាប់អនុញ្ញាត និងសង់រំលោភលើការកំណត់ក្នុងអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ហើយកំពុងតែបន្ត សាងសង់ផ្គើននឹងបំរាមអាជ្ញាធរខណ្ឌ ឫស្សីកែវទោះបីអាជ្ញាធរចុះទៅហាមឃាត់ចាប់ដកហូតសម្ភារៈយ៉ាងណាក៏ដោយ។

សំណង់នោះ ត្រូវបានគេដឹងថា មាន៤ ល្វែងអាចសង់ជាខុនដូ ឬផ្ទះជួលស្ថិត នៅតាមអតីតផ្លូវរថភ្លើង ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សី ដែល បានដំណើរការជាច្រើនខែមកហើយ ។ ដែលតាមច្បាប់ គឺសុំសង់ច្បាប់តែ២ល្វែង ហើយ២ជាន់ប៉ុណ្ណោះ ។

តាមកំណត់ហេតុរបស់ សាលាខណ្ឌ ឫស្សីកែវ ដែលបានចុះទៅចាប់ដក ហូតសម្ភារៈ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា ការដ្ឋានសំណង់ នេះនៅតែបន្តសកម្មភាពសាងសង់ដោយគ្មានលិខិតអនុញ្ញាតសាងសង់ពីសាលា ខណ្ឌ និងសាលារាជធានីភ្នំពេញ ហើយ បញ្ហានេះក្រុមការងារសំណង់ខណ្ឌក៏បានចុះណែនាំ ព្រមទាំងធ្វើកំណត់ហេតុ ដោយដោយតម្រូវឲ្យម្ចាស់សំណង់ ,ជាង ផ្អាកការសាងសង់ជាបណ្ដោះអាសន្ន រួច បំពេញបែបបទស្នើសុំលិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវទើបបន្តការសាងសង់បាន ប៉ុន្តែរហូតមកដល់ពេលនេះ ម្ចាស់សំណង់, ជាងសំណង់ មិនបានអនុវត្តតាមការ ណែនាំឡើយ ហើយនៅតែរឹងរួស និង លបលួចបន្តការសាងសង់ដោយគ្មាន ច្បាប់អនុញ្ញាតដដែល។

នៅក្នុងកំណត់ហេតុ ក៏បានបញ្ជាក់ថា ដើម្បីរក្សាបានប្រសិទ្ធភាពក្នុងការគ្រប់ គ្រងរដ្ឋបាលមូលដ្ឋាន ក្រុមការងារចម្រុះ ខណ្ឌក៏បានសម្រេចធ្វើការដកហូតសម្ភារៈ និងឧបករណ៍មួយចំនួន។

ទោះបីជាអាជ្ញាធរ ចុះហាមឃាត់ និង ដកហូតសម្ភារៈយ៉ាងណាក៏រហូតមកដល់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩ គេនៅតែ ឃើញ ក្រុមការងារជាង នៅតែបន្តការសាង សាងសង់ ដោយផ្គើននឹងអាជ្ញាធរ ខណ្ឌ ឫស្សីកែវទៀត។

តាមព័ត៌មានឲ្យដឹងថា សំណង់ មិន មែនជាផ្ទះល្វែង គឺសង់បុកគ្រឹះ ជើងស សរធំទំនងជាផ្ទះជួលឬខុនដូរ ដែលការ សាងសង់ គឺឃ្លាតពីអ័ក្សអតីតផ្លូវរថភ្លើង ប្រមាណ១០ម៉ែត្រ មិនតែប៉ុណ្ណោះវាប៉ះ ពាល់ដល់គម្រោងពង្រីកផ្លូវដែលសាលា រាជធានីភ្នំពេញបានដំណើរការបើកការ ដ្ឋានរួចហើយ តែមិនទាន់ដោះស្រាយផលប៉ះពាល់រួចរាល់ផងស្រាប់តែសំណង់នោះ សង់រំលោភទៀត។ មិនត្រឹមតែប៉ុណ្ណោះ គឺសង់រំលោភការកំណត់របស់អនុក្រឹត្យរាជ រដ្ឋាភិបាល។

តាមអាជ្ញាធរបានឲ្យដឹងថា តាមអនុ ក្រឹត្យ បានកំណត់ និងរក្សាទុកចម្ងាយ ៣០ម៉ែត្រ ពីអ័ក្សផ្លូវរថភ្លើងតែមិនទាន់ ដឹងថា សាលារាជធានីភ្នំពេញស្នើឲ្យមាន ការកែប្រែ ដោយរក្សាទុកប៉ុន្មានម៉ែត្រពី អ័ក្សផ្លូវរថភ្លើង ដើម្បីអភិវឌ្ឍន៍ស្ថាបនាផ្លូវបេតុងនោះទេ។

ពាក់ព័ន្ធសំណង់អត់ច្បាប់ខាងលើ អាជ្ញាធរខណ្ឌឫស្សីកែវ ឲ្យកម្ពុជាថ្មីដឹងថា នឹងចុះហាមឃាត់ឲ្យផ្អាកការសាងសង់ បើមិនស្តាប់តាមការណែនាំ នឹងចាប់ សម្ភារៈសំណង់ ជាការព្រមានលើកទី២ ប៉ុន្តែអាជ្ញាធរឆ្លើយថា រវល់ តែមកដល់ថ្ងៃទី ១៨កុម្ភៈនេះ គេសង្កេតឃើញក្រុមជាងនៅតែមមាញឹកក្នុងដំណើរការសាងសង់ ដដែលហាក់មិនញញើតនឹងអាជ្ញាធរ ឡើយឬក៏អាចឃុបឃិតត្រូវរ៉ូវគ្នាអស់ ហើយក៏មិនដឹង៕ អរុណរះ


ចែករំលែក៖