ខេត្តកណ្ដាល៖ យុវជនចិត្ដខ្លាំងម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកស្អាង ចាប់ខ្លួនក្រោយពីយុវជនសង្ស័យខាងលើ ធ្វើសកម្មភាពដុតផ្ទះម្ដាយខ្លួនឯង បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង និងបន្ដរាលដាលដល់ផ្ទះរបស់ពលរដ្ឋជិតខាងអស់ មួយចំហៀងផងដែរ ព្រោះតែជនសង្ស័យជាកូនខឹងម្ដាយស្ដីបន្ទោសបន្ដិចបន្តួច ។
ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ។
មន្រ្ដីកងរាជអាវុធហត្ថស្រុកស្អាងបានឲ្យដឹងថា យុវជនសង្ស័យចាប់ខ្លួនបានឈ្មោះ ភី វ៉ុង ហៅស៊ីណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ/ឃុំកើតហេតុ ។ ចំណែកផ្ទះដែលរងរការខូចខាតមានទំហំ ៦ម៉ែត្រគុណនឹង៧ម៉ែត្រ មួយខ្នងប្រកសង្ក័សី ជញ្ជាំងឈើ ថ្មក្រោម និងសម្ភារៈផ្ទះអស់មួយចំនួនធំ (ផ្ទះឆេះខូចខាត់ទាំងស្រុង) ម្ចាស់ផ្ទះឈ្មោះ តាត់ ភឿន ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរ កសិករ (ត្រូវជាម្តាយជនសង្ស័យ) និងផ្ទះមួយខ្នងទៀតមានទំហំ ៥ ,៥ម៉ែត្រគុណនឹង១២ម៉ែត្រ សង់អំពីថ្ម ដំបូលចាក់បេតុង ខូចខាតមួយចំហៀង និងសម្ភារៈក្នុងផ្ទះមួយចំនួនតូច ម្ចាស់ផ្ទះឈ្មោះ ស្វែង ដារី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកម្មការនីរោងចក្រ (ពលរដ្ឋជិតខាង) ។
ប្រភពដដែលបន្ដថា កាលពីមួយខែមុន ជនសង្ស័យត្រូវម្តាយស្តីបន្ទោសរឿងដើរលេង និងផឹកស៊ីច្រើន ។ ចាប់តាំងពីថ្ងៃដែលម្ដាយស្ដីបន្ទោសរួចមក ជនសង្ស័យជាកូនពុំនិយាយស្ដីរងកម្ដាយខ្លួនទេ អស់រយៈពេលជាងមួយខែហើយ ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៩ ជនសង្ស័យមកពីដើរលែងត្រឡប់មកផ្ទះវិញ ម្តាយឃើញក៏ហៅស៊ីបាយ តែជនសង្ស័យជាកូនពុំនិយាយឆ្លើយតបទៅនឹងម្ដាយទេ ក៏ដើរឡើងលើផ្ទះ ហើយធ្វើសកម្មភាពដុតផ្ទះ បណ្ដាលឲ្យភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បង្កការផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចចុះមកជួយអន្ដរាគមន៍ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១០គូប ភ្លើងរលត់ជាស្ថាពរ តែផ្ទះរបស់ស្រ្ដីរងគ្រោះជាម្ដាយជនសង្ស័យ ត្រូវបានភ្លើងឆេះខូចខាតទាំងស្រុង និងធ្វើឲ្យបាត់បង់ទ្រព្យសម្បត្ដិក្នុងផ្ទះអស់មួយចំនួនធំ ហើយផ្ទះពលរដ្ឋជិតខាងមួយខ្នងទៀត ទទួលរងការខូចខាតអស់មួយចំហៀង និងធ្វើឲ្យខូចខាតទ្រព្យសម្បត្ដិអស់មួយចំនួនតូច ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនសង្ស័យត្រូវបានកងរាជអាវុធហត្ថស្រុកស្អាង ធ្វើការចាប់ខ្លួន កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ