ភ្នំពេញ៖ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែតុលា ចុងឆ្នាំ២០១៩ខាងមុខនេះ សហព័ន្ធទេសចរណ៍កម្ពុជានិងសមាគមមេចុងភៅកម្ពុជានឹងរៀបចំតាំងពិព័រណ៍ បដិសណ្ឋារកិច្ច ម្ហូបអាហារនិងភេសជ្ជៈអន្ដរជាតិ នៅមជ្ឈមណ្ឌលសន្និបាត សណ្ឋាគារសុខា ខេត្តសៀមរាបដើម្បី ស្របតាមទិសដៅ ការអភិវឌ្ឍ និងភាពរីកចម្រើន នៃវិស័យទេសចរណ៍ និងឧស្សាហកម្ម បដិសណ្ឋារកិច្ចនិងម្ហូបអាហារនៅប្រទេសកម្ពុជា។
ថ្លែងនៅក្នុងសន្និសិទកាសែតស្តីពីពិព័រណ៍អន្ដរជាតិ អង្គរហ្វូតនិងសណ្ឋាគារ(NGKORFOOD+HOTEL) 2019 កាលពីថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៩នៅសណ្ឋាគារហ៊ីម៉ាវ៉ាវីកញ្ញា ខឿន រីនាដប្រធានគម្រោងរបស់ក្រុមហ៊ុន អេ អ៊ឹមប៊ី តាស៊ុស អ៊ីវិន គ្រុប(AMB Tarsus Events Group )បានបន្តថាការតាំងពិព័រណ៍នេះមានការដាក់តាំងនូវឧបករណ៍សម្រាប់កែឆ្នៃការវេចខ្ចប់ម្ហូបអាហារ វេចខ្ចប់ផ្លើឈើនិងភេសជ្ជៈ ឧបករណ៍ដុតនំ និងគ្រឿងផ្គត់ផ្គង់ផ្សេងៗទៀតដោយមានការចូលរួមពីតំណាងមកពីជិត១០ប្រទេសរួមមានចិន សិង្ហបុរី កូរ៉េ ជប៉ុន ថៃ តៃវ៉ាន់ អ៊ីតាលី និងម៉ាឡេស៊ី ។
កញ្ញាបានបន្តថាពិព័រណ៍នេះនឹងក្លាយជាឱកាសដ៏ល្អសម្រាប់ឧស្សាហកម្មបដិសណ្ឋារកិច្ចនិងម្ហូបអាហារនៅខេត្តសៀមរាបនិងតំបន់ជុំវិញដើម្បីទទួលបានព័ត៌មានថ្មីៗអំពីផលិតផលនិងសម្ភារៈទំនើបសម្រាប់ផ្គត់ផ្គង់អាជីវកម្មនិងទទួលបាននូវការធ្វើបច្ចុប្បន្នភាពលើនិន្នាការសេវាម្ហូបចុងក្រោយបំផុតនឹងជាឱកាសសម្រាប់អ្នកជំនួញបានជួបផ្ទាល់ដើម្បីកសាងទំនាក់ទំនងជាមួយគ្នា។
កញ្ញា ខឿន រីនាថ បានបន្ថែមទៀតថាពិព័រណ៍ក៏មានការបង្ហាញម៉ាស៊ីនឆុងកាហ្វេទំនើបចុងក្រោយបង្អស់និងផលិតផលផ្គត់ផ្គង់ទៅកាន់ហាងកាហ្វេដើម្បីឆ្លើយបតបទៅនឹងទីផ្សារកាហ្វេដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័យនិងបំពេញទៅតាមតម្រូវការទីផ្សារប្រទេសកម្ពុជានូវរសជាតិកាហ្វេប្រកបដោយគុណភាព។ក្រៅពីនេះក៏មានការរៀបចំកម្មវិធីប្រកួតប្រជែងធ្វើម្ហូប ការប្រកួតឆុងការហ្វេនិងការរចនាកាហ្វេឡាតេអាដ៍ផងដែរ។
គួរបញ្ជាក់ថាពិព័រណ៍អន្ដរជាតិ ANGKORFOOD+HOTEL 2019នេះ រំពឹងថា នឹងអាចទាក់ទាញ អ្នកចូលរួមទស្សនាជាង៤០០០នាក់ និងអ្នកតំណាងមកពីសណ្ឋាគារ ភោជនីយដ្ឋាន អ្នកផ្គត់ផ្គង់ និងផ្ដល់សេវាកម្មម្ហូបអាហារ អ្នកតំណាងមកពីហាងកាហ្វេ ក្លឹបរាត្រី ហាងចែកចាយ និងលក់រាយម្ហូបអាហារផងដែរ ៕ ស តារា