ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា អ្នកឧកញ៉ាគិត ម៉េង មិនពាក់ព័ន្ធគ្រឿងញៀននៅរ៉ុក

ចែករំលែក៖

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ថ្លែងថា “បទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក មិនពាក់ព័ន្ធអ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ទេ”។

នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់សម្តេច ស ខេង ចេញផ្សាយនៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ។

សម្តេចក្រឡាហោម បន្តថា”តាមរយៈការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ មកដល់ពេលនេះសមត្ថកិច្ចរកពុំឃើញភស្តុតាងណាមួយបញ្ជាក់ថាមានការពាក់ព័ន្ធនឹងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នោះទេ”។

ក្រៅពីនេះ សម្តេច ស ខេង បានកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រឹងក្នុងស្មារតីទទួលខុសត្រូវខ្ពស់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ដោយរឹបអូសបានវត្ថុតាងថ្នាំញៀនជាច្រើនគីឡូក្រាម និងបានឃាត់ខ្លួនជនសង្ស័យមួយចំនួនផងដែរ ៕ចេស្តា


ចែករំលែក៖