ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្ស៊ូ អាបេ ចង់ជួបពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាំ គីម​ ជុងអ៊ុន

ចែករំលែក៖

នាយករដ្ឋមន្ត្រីជប៉ុន លោក​ Shinzo Abe ​បានប្រកាសថា ​លោកចង់ជួបពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដើម្បីស្វែងរកដំណោះស្រាយ លើបញ្ហាពលរដ្ឋ ជប៉ុន ត្រូវចាប់ឃុំខ្លួននៅកូរ៉េខាងជើង ក៏ដូចជាការបង្កើនទំនាក់ទំនងទ្វេភាគី។

មានប្រសាសន៍ក្រោយជំនួបពីភាក្សាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្ស៊ូ អាបេ បានលើកឡើងថា​ លោកទទួលបានការផ្តល់នូវលទ្ធផលនៃកិច្ចប្រជុំ អាមេរិក កូរ៉េខាងជើង ជាលើកទីពីរ​។

នាយករដ្ឋមន្ត្រីជប៉ុន​បាននិយាយថា លោកត្រាំបានលើកឡើងពីបញ្ហាពលរដ្ឋជប៉ុន ត្រូវចាប់ឃុំខ្លួននៅកូរ៉េខាងជើង ដល់ទៅពីរលើក ក្នុងជំនួបជាមួយ លោកគីម ជុងអ៊ុន ។ លោកត្រាំ បានលើកឡើងថា ​ទីក្រុងតូក្យូ បានផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហាទាំងនោះ។

ពាក់ព័ន្ធនឹងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីជប៉ុនគាំទ្រ ការសម្រេចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ថា​ចាំបាច់ត្រូវតែ រំសាយអាវុធបរមាណូ នៅឧបទ្វីបកូរ៉េ ទើបអាចលុបទណ្ឌកម្ម ។ ការសម្រេចរបស់លោកត្រាំ ក៏ទទួលបានការគាំទ្រ ពី បណ្តាតំណាងរាស្ត្រអាមេរិក ទាំងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋផងដែរ ថាជាការសម្រេចចិត្តដ៏ត្រឹមត្រូវ​៕


ចែករំលែក៖