ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិវៀតណាមម្នាក់ ដែលជាថៅកែហាងសាច់ប៉ាតេ ត្រូវខ្សែភ្លើងឆក់ស្លាប់ កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ទីតាំងនៅផ្ទះលេខ១១៥ ផ្លូវ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
មន្រ្តីនគរបាលប៉ុស្តិ៍ព្រែកប្រា បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថៃ វ៉ាន់ហុង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ វៀមណាម មានមុខរបរជា ម្ចាស់សិប្បកម្មសាច់ប៉ាតេ ស្រុកកំណើតនៅប្រទេសវៀតណាម កាន់លិខិតឆ្លងដែនលេខ C 5601228 ។
មន្រ្តីដដែលបន្តទៀតថា យោងតាមចម្លើយរបស់ក្មួយប្រុសរបស់ជនរងគ្រោះឈ្មោះ ឡេ លីម បានរៀបរាប់ថា នៅមុនពេលកើតហេតុ ពូរបស់ខ្លួន(ជនរងគ្រោះ) បានប្រើរូបគេជាក្មួយ ឲ្យទៅទិញទុយណឺវីស ដើម្បីជួសជុលខ្សែភ្លើង ហើយរូបគាត់ក៏ឡើងទៅលើដំបូលទូក្លាសេ្ស ដោយមានកាន់កូនសោមាត់ក្រពើនិងសោចិញ្ចៀនលេខ១៣ ទៅជាមួយផង ។
ប្រភពបន្តថា លុះពេលដែលក្មួយប្រុសត្រឡប់ពីទិញទុយណឺវីសវិញ ក៏បានឃើញពូរបស់ខ្លួនដេកផ្កាប់មុខក្បាលសុទ្ធតែឈាម នៅជាប់នឹងជញ្ជាំងរបងផ្ទះខាងមុខ ក្បែរទូក្លាសេ្ស រួចក៏ស្រែកហៅអ្នកជិតខាងឲ្យជួយ ប៉ុន្តែអកុសល្យជនរងគ្រោះបានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានបង្កើតគណៈកម្មការត្រួតពិនិត្យសពនៅកន្លែងកើតហេតុ ដោយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន រួចប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ស រស្មី