ខេត្តស្ទឹងត្រែង៖ សមត្ថកិច្ចជំនាញម្នាក់ ដែលច្រើនដាក់រថយន្តប្រចាំនៅគល់ស្ពានមេគង្គ ខាងលិច បានបើករថយន្តប្រដេញម៉ូតូដឹកឈើ យកលុយពីក្រុមឈ្មួញ មិនបានសម្រេច ក៏ជ្រល់ទៅបុកគូទម៉ូតូជនជាតិវៀតណាម ជិះគ្នាពីរនាក់ធ្វើឲ្យរងរបួសធ្ងន់ បច្ចុប្បន្ន ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានមេគង្គត្រើយខាងកើត ស្ថិតក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ប្រភពនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តកាម៉ារីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S.2501 បើកក្នុងល្បឿនលឿន ចព្យុះ ប្រដេញតាមម៉ូតូដឹកឈើ រត់កាត់លើស្ពានមេគង្គ ឆ្លងផុតស្ពានពីលិចមកកើត បានរេចង្កូត ដោយបាត់ម្ចាស់ការ ក្នុងការបើកបរ បានទៅបុកម៉ូតូជនជាតិវៀតណាមជិះគ្នាពីរនាក់ ពីក្រោយពេញទំហឹងបណ្តាយឲ្យជនរងគ្រោះរងរបួសធ្ងន់ទាំងពីរនាក់ ក្រោយកើតហេតុ ត្រូវបានសាច់ញាតិដឹកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។
ប្រភពដដែលបានបន្តថា គេឃើញរថយន្តខាងលើតែងតែមកឈប់ចតខាងលិចគល់ស្ពានមេគង្គជាប្រចាំ ហើយដែលគេដឹងថា ជាកម្មសិទ្ធិរបស់លោកសំ ប៊ូរឹន្ទ ជាមន្ត្រីផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ ដើម្បីត្រៀមដេញរថយន្តដឹកឈើ ឬក៏ម៉ូតូដឹកឈើណាដែលមិនឈប់បង់លុយ ឬមិនចូលប្រាប់ជាមុន ជាថ្នូរ និងមិនដែលឃើញបង្ក្រាបម្តងណាឡើយ ។ មន្ត្រីរូបនេះ បើមិនដូច្នេះទេ គេបើក ចុះ ឡើង បើឃើញ គេនឹងហៅឲ្យឈប់ បើឈប់ មិនអីទេ បើមិនឈប់វិញ គេនឹងដេញ ហើយពួកគាត់មានការព្រួយបារម្ភ ក្នុងករណីខាងលើនេះយ៉ាងខ្លាំង ។
ដូច្នេះពួកគាត់ដែលរស់នៅតាមដងផ្លូវលេខជាតិលេខ៩ ក៏ដូចអ្នកធ្វើដំណើរលើដងផ្លូវផងដែរ ពួកគាត់សំណូមពរ ដល់លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពខេត្ត ស្របទៅនឹងអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលថា នឹងបំបាត់កុងត្រូលជជុះ កុំឲ្យមាន សូមលោកអភិបាលខេត្ត មេត្តាចាត់វិធានការ បោសសំអាតកុងត្រូលជជុះ តាមដងផ្លូវគ្មានច្បាប់អនុញ្ញាតនោះ ដែលជាបង្កអនាធិបតេយ្យ គ្មានសណ្តាប់់ធ្នាប់ បង្កការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងអ្នករស់នៅតាមដងផ្លូវជាតិ មិនថាយប់ ឬថ្ងៃនោះទេ ធ្វើឲ្យពួកគាត់មានការភ័យខ្លាច ព្រោះពួកគេ តែងតែបើកប្រដេញគ្នា ដូចបើកការប្រយុទ្ធគ្នា ក្នុងរឿងចិនអីចឹង ។
គួររំលឹកថាៈ រថយន្តបង្កខូចខាតខាងមុខបន្តិច ម៉ូតូជនរងគ្រោះខូចខាតផ្នែកខាងក្រោយទាំងស្រុង បច្ចុប្បន្នត្រូវបានដឹកយកទៅជួសជល់ខ្លួនឯង ។
ជនរងគ្រោះមិនត្រូវបានឲ្យអ្នកសារព័ត៌មាន សុំចូលថតរូបនៅមន្ទីរពេទ្យ ឬសុំការបញ្ជាក់បានទេ ជុំវិញរឿងនេះ ព្រោះខាងមន្ទីរពេទ្យ មិនអនុញ្ញាតឲ្យចូលថត ឬសុំយកព័ត៌មានបន្ថែមបានឡើយ ។
ចំណែកលោកវា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរីវ៉ាត់ ជាមេរបស់លោកសំ ប៊ូរឹន្ទ នោះ មិនអាចសុំការបំភ្លឺបានទេ ទូរស័ព្ទលោកខលចូល គ្មានអ្នកទទួល ។ លោកសំ ប៊ូរឹន្ទ មិនអាចសុំការបំភ្លឺបានដែរ ក្នុងករណីនេះ ព្រោះគ្មានលេខទំនាក់ទំនងឡើយ ៕ មាស សុផាត