ខេត្តស្វាយរៀង៖ បុរសជាមន្ត្រីកងរាជអាវុធហត្ថក្រុងស្វាយរៀងម្នាក់ បានជួបគ្រោះអកុសល ស្លាប់ពេលបញ្ជូនមកកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់ ខណៈដែលមានរថយន្តហាយឡេនដឺរទិសដៅបញ្ច្រាសគ្នា ហើយបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន បុកជាមួយម៉ូតូហុងដា សេ ១២៥ យ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងកាលថ្ងៃព្រហស្បតិ៍ ០១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង៨ និង២៥នាទី យប់នៅតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១២១ និង១២២ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះប៊ុនធឿន ឧត្តម អាយុ ២៨ឆ្នាំ មុខរបរកងរាជអាវុធហត្ថក្រុងស្វាយរៀង មានទីលំនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ស្វាយរៀង ១K-៤៧៥៥ ខូចខាតយ៉ាងដំណំ ។ ចំណែកអ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុបានរត់គេចខ្លួនបន្សល់តែរថយន្តម៉ាក ហាយឡេនឌឺរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-0625 នៅនិងកន្លែង ។
តាមសាក្សីបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-០៦២៥ ដោយធ្វើដំណើរពីកើតមកលិចលើកំណាត់ផ្លូវជាតិលេខ១ ហើយក៏បានបត់ឆ្វេងខ្វះប្រុងប្រយត្ន័ ស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ក្នុងទិសដៅបញ្ច្រាសគ្នា ជាន់ហ្វ្រាំង ក៏បុកពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង ។
ក្រោយពីអ្នកភូមិរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានក៏បានមកអន្តរាគមន៏ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ប៉ុន្តែដោយជនរងគ្រោះមានសភាពធ្ងន់ ក៏បញ្ជូនបន្តមក ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ប៉ុន្តែអកុសល ក៏បានដាច់ខ្យល់ស្លាប់គួរឲ្យសង្វេគបំផុត ។
ក្រោយមកសមត្ថកិច្ចបានធ្វើការវាស់វែង និងអូសយកមធ្យោបាយធ្វើដំណើរម៉ូតូនិងរថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីដោះស្រាយតាមច្បាប់ ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មូលហេតុដោយសារតែរថយន្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ទើបករណីគ្រោះថ្នាក់បែបនេះ ។ សពត្រូវបានក្រុមគ្រួសារបញ្ជូនមកស្រុកកំណើតធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដល និងអាឡោះអាឡ័យបំផុត ៕ យឹម សុថាន