ព័ត៌មានទាន់ហេតុការណ៍៖

ចុងក្រោយនេះ សំណង់បុរីពិភពថ្មី អ្នកឧកញ៉ា ហុង ពីវ រងការរិះគន់ពីអតិថិជន បញ្ហាគុណភាពកង្វះស្តង់ដារ

ចែករំលែក៖

 

ភ្នំពេញ៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើន ពិសេសម្ចាស់អាខោនភាគច្រើនជាអ្នកជាវផ្ទះល្វែងសំណង់បុរីពិភពថ្មីនេះតែម្តង បានបង្ហាញនូវការអាក់អន់ស្រពន់ចិត្ត ស្ទើរខុសបំណងរបស់ខ្លួន បន្ទាប់ពីមានបញ្ហាមួយចំនួនតូច ពេលចូលរស់នៅដូចជា ករណីជ្រាបទឹកតាមពិដាន ជ្រាបទឹកលិចតាមអំពូលភ្លើងកន្លែងបន្ទប់គេងពេលមានភ្លៀងធ្លាក់ ជ្រាបទឹកធ្លាក់តក់ៗកន្លែងបន្ទប់ទឹក កន្លែងខ្លះទៀតមានស្នាមប្រេះលើជញ្ជាំងដោយសារការបូកប៉ាតសុីម៉ង់ដ៏ខ្វះការយកចិត្តទុកដាក់ពីក្រុមជាង ក្រុមជំនាញ ក្រុមបច្ចេកទេស វិស្វករក៏អាចថាបាន។ អ្វីដែលជាការធុញទ្រាន់ទប់ចិត្តមិនបាន ត្រង់ថាពួកគាត់មានបញ្ហាបន្តិចបន្តួចដូចករណីខាងលើ ជម្រាបជូនទៅខាងអ្នកគ្រប់គ្រងបុរីហើយ តែបង្កការយឺតយូរ សឹងមិនចង់មកជួសជុល ឬមកដែរ តែដូចអូសឬស្សីបញ្ច្រាស់ចុង មើលទៅដូចជា បុរីមួយនេះខ្វះជាងជួសជុលបំផុត។

ជាក់ស្តែងហើយបង្កើនការព្រួយបារម្ភបន្តទៀតដល់អតិថិជន សម្រាប់បច្ចុប្បន្នគឺអ្នករស់នៅបុរីពិភពថ្មី ទទួលព័ត៍មានពីសេសពីក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា៖ រាជធានីភ្នំពេញ និងខេត្តចំនួន១៦ទៀត នឹងទទួលរងនូវភ្លៀងកក់ខែ អាចបង្កឲ្យមានផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃស្អែកនេះ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ ។ ដូច្នេះសំណង់របស់ពួកគាត់អាចនឹងជ្រាបទឹក ខណៈធាតុពិតបានឃើញអ្នកទិញផ្ទះនៅ(បុរីពិភពថ្មីឈូកវ៉ា៣) ហួសចិត្តភ្លៀងមួយមេ ទឹកលេចហូរចូលពីលើពិដាន អំពូលភ្លើង ស្រក់ពេញបន្ទប់ ដូចងូតទឹកភ្លៀងក្នុងបន្ទប់ដេកបាន ហើយបង្ហោះវីដេអូលើហ្វេសប៊ុកពីតថភាពជាក់ស្តែងទឹកកំពុងជ្រាបហូចូលពេលកំពុងភ្លៀង។

ប្រជាពលរដ្ឋលើកជាការជជែកវែកញ៉ែកគ្នាថា៖ បើរាល់ការសាងសង់សំណង់ក្នុងបុរី ចេតនាឆ្លៀតកេងចំណេញបច្ចេកទេស ធ្វើដោយចំណាយលុយតិច តែលក់បានថ្លៃ តាមរយៈពង្រឹងអោយមានតែសោភ័ណភាព តែគ្មានគុណភាព វាជាហានិភ័យខ្ពស់សម្រាប់អតិថិជនជាវធ្វើលំនៅដ្ឋានស្នាក់អាស្រ័យ។ នេះមិនទាន់គិតដល់បញ្ហា ដែលអាចកើតមាន ជុំវិញបញ្ហាស្រុត ប្រេះ ស្រាំ ជាដើមផង។ ជាក់ស្តែងគ្រាន់តែភ្លៀងយប់មិញ១មេ គឺយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២១៩ ផ្ទះល្វែងក្នុង(បុរីពិភពថ្មីឈូកវ៉ា៣) គឺមានទឹកភ្លៀងបានជ្រៀបចូលតាមពិដាន តាមអំពូល ក្នុងបន្ទប់ហូរដូចទឹកបាក់ទំនប់ រហូតដល់ម្ចាស់ផ្ទះហួសចិត្ត ថតបង្ហោះពីទិដ្ឋភាពជាក់ស្តែងដែលមានទឹកកំពុងហូរធ្លាក់ ជាមួយនិងពាក្យពេចន៍ ដ៏ផ្អែម តែបង្កប់ន័យជ្រៅ ថាខ្លួនបានឆ្លងហែលហើយនិងការរស់នៅក្នុងបុរីគ្មានស្តង់ដារគុណភាពនេះ។

នៅក្នុងហ្វេសប៊ុកមួយមានម្ចាស់អាខោនឈ្មោះ(ផេង និម្មិត)បានសសេរ និងបង្ហោះរូបភាពជាវីដេអូនិយាយចេញពីភាសាបេះដូងខ្លួនឯងថា៖ សុំទោសម៉ោង ២ ក្នុង(បុរីពិភពថ្មីឈូកវ៉ា៣).. អគុណដល់ក្រុមការងារធ្វើផ្ទះដ៏ល្អឥតខ្ចោះ ថ្ងៃទីមួយនៃការភ្លៀងមួយមេធំ បានខ្ញុំដឹងថាផ្ទះដែលខ្ញុំនៅសព្វថ្ងៃនេះគឺជាផ្ទះដែលល្អផ្ដាច់គេក្នុងព្រះរាជាណាចក្រកម្ពុជា។

គាត់បានបន្តថា៖ នៅក្នុងផ្ទះសោះក៏អាចមុជទឹកភ្លៀងបានដែរ! អ្នកណាយល់អារម្មណ៍មួយនេះ ចំពេលដាច់ភ្លើងទៀត ព្រះអើយព្រះ ជាប់សសៃករ ហើយត្រូវជូតទឹកភ្លៀងទាំងខ្លួនឈឺ ចង់គ្រុនផ្ដាសាយហើយ។

គាត់បន្តដោយភាសាចំអកថា៖ និយាយមួយម៉ាត់ចុះ ពេលយើងពិបាកម្ចាស់បុរី និងជាង អត់មានមកពិបាកជាមួយយើងទេ តែយើងទេជាម្ចាស់ផ្ទះមកវេទនាជាមួយផ្ទះរបៀបនេះ! បើខូចឥវ៉ាន់ យ៉ាងច្រើនគេសុំទោស តែឯងរកលុយទិញចង់ងាប់ បើឆក់ងាប់វិញណា យ៉ាងច្រើនគេសងលុយ ជីវិតអើយជីវិត!

សុំទោសម្ចាស់បុរី វាជាអារម្មណ៍ខ្ញុំព្រោះអ្នកមិនធ្លាប់បានជួបប្រទះជីវិតបែបនេះទេ!

ពាក់ព័ន្ធនិងភាពតំអូញតំអែររបស់អ្នកជាវផ្ទះល្វែង ហើយជួបរឿងអពមង្គលផ្ទាល់ខ្លួននេះ អង្គភាព «នគរវត្ត» មិនអាចសុំការបំភ្លឺបានទេពីអ្នកឧកញ៉ាចិត្តធម៍ ចិត្តបុណ្យសប្បុរស ហុង ពីវ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដោយគ្មានលេខទូរស័ព្ទ ក្នុងនោះថែមទាំងឆាតសុំការបកស្រាយលើផេកផ្លូវការរបស់គាត់កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ក៏មិនបានឆ្លើយតបនៅឡើយ។ ដោយឡែកលេខទូរស័ព្ទ០៧៧ ៨៦ ៨៦ ១៨ ភាគច្រើនប្រព័ន្ធជាប់រវល់ បើមិនរវល់ ខលចូលអត់មានអ្នកទទួល ដែលជាផលលំបាកមួយមិនទទួលបាននូវការបញ្ជាក់ ឬបកស្រាយពីភាគីម្ចាស់បុរីពិភពថ្មី ដើម្បីចែកជូនទៅកាន់ប្រជាពលរដ្ឋ ជាអតិថិជនបានជាវ បម្រុងជាវបានដឹង បានជ្រាបដោយពិស្តារនោះទេ។ ទោះជារងការរិះគន់ក៏ដោយគេមានជំនឿថា៖ ករណីខ្លះរឿងដែលកើតមិនផ្តល់ព័ត៍មានដល់អ្នកឧកញ៉ា ហុង ពីវ បើគាត់ដឹងប្រាកដជាមានវិធានការរកគន្លឹះដោះស្រាយ ខណៈគាត់រក្សានូវទីផ្សារស្តង់ដារនៃសំណង់ ប្រកួតប្រជែងសេដ្ឋកិច្ចទីផ្សារដោយភាពស្មោះត្រង់។ បញ្ហាខ្លះអាចកើតដោយសារអ្នកគ្រប់គ្រងបច្ចេកទេស អ្នកទទួលម៉ៅការបន្ត តាមផ្នែកនិមួយៗខ្វះភាពទទួលខុសត្រូវ។ រឿងនេះប្រជាពលរដ្ឋបានគិតថា៖ បើអ្នកឧកញ៉ា ហុង ពីវ បានហែលឆ្លងនូវហេតុការណ៍បែបនេះដោយខ្លួនឯងវិញ ប្រាកដជាមានការតូចចិត្តមិនតិចទេ ត្រង់ថារកលុយលំបាកដើម្បីសន្សំទិញផ្ទះនៅ អ្វីដែលលំបាកជាងរកលុយទៅទៀតគឺ ទិញចំផ្ទះធ្វើអោយរួចពីដៃ ច្នៃតែសោភ័ណភាព តែគុណភាពគ្មាន ដូចជាភ្លៀងមួយមេសោះ ទឹកហូរចូលពេញបន្ទប់ទៅហើយ តើសេចក្តីសុខ ការរំងាប់ចិត្ត មាននៅត្រង់ណាក្នុងអារម្មណ៍។ ពេលខ្លះអ្នកទិញផ្ទះល្វែងនៅ(បុរីពិភពថ្មីឈូកវ៉ា៣) និយាយផ្អែមមែន តែប្រកបដោយការឈឺចាប់ចាញ់បោកនាយទុន ឬញញឹមមែន តែបេះដូងយំ ៗត្រង់ប្រឹងរកលុយទិញផ្ទះដ៏លំបាក ទីបំផុតមកជួបរឿងបែបនេះ។

មិនត្រឹមអ្នករស់នៅបុរីពិភពថ្មីឈូកវ៉ា៣នោះទេ បានបញ្ចេញនូវលាតត្រដាងរឿងទឹកជ្រាបតាមពិដាន តាមអំពូលភ្លើង គឺមានអ្នករស់នៅបុរីពិភពថ្មីឈូកវ៉ា២ បាននិយាយផងដែរថា៖ ផ្ទះគាត់មានករណីជ្រាបទឹក នៅកន្លែងបន្ទប់ទឹក ធ្លាក់តក់ៗ និងបានទៅប្រាប់កន្លែងអ្នកចាត់ចែងគ្រប់គ្រងសំណង់បុរីពិភពថ្មីឈូកវ៉ា២ ដែរ គេបានត្រឹមចេញលិខិតទទួលស្គាល់ថាមានករណីជ្រាបមែន ប៉ុន្តែការមកជួសជុលខាងម្ចាស់បុរីមិនងាយដាក់ជាងមកសោះ បានត្រឹមបញ្ជាក់ថា៖ ធ្វើបណ្តើរៗទៅតាមដំណាក់ការៗ។ គាត់ឆ្ងល់ថា៖ បើធ្វើបណ្តើរៗទៅតាមដំណាក់ការៗ ហើយមិនដឹងពេលណាដល់ផ្ទះគាត់ជាងមកជុសជុល ចៃដន្យអីមានភ្លៀងធ្លាក់បង្កជាហូទឹកជ្រាបលិច ឬឆ្លងចរន្តអគ្គីសនី ក៏ដូចជាខូចខាតដល់ទ្រព្យសម្បត្តិនៅក្នុងផ្ទះ តើគាត់ជាអ្នកខាតបង់ រងគ្រោះជានិច្ចមែនទេ…?!!!… គាត់ស្នើអោយម្ចាស់បុរីពិភពថ្មី រៀនទទួលយកសំណូមពរពីអតិថិជន ជួយដោះស្រាយដោយភាពជាក់ស្តែងពេលមានបញ្ហាកើតឡើងផង។

បុរសវ័ជាង៣០ម្នាក់ និងជាម្ចាស់ការ៉ាស់ជួសជុលរថយន្តនៅជិតផ្សារដេប៉ូ បាននិយាយផងដែរថា៖ ផ្ទះរបស់គាត់ជួបបញ្ហាដែរ កាលពីភ្លៀងមួយមេលើកមុន គឺមានទឹកហូចូលតាមយ៉ខាងមុខ ព្រួយបារម្ភយ៉ាងខ្លាំងខ្លាចឆ្លងចរន្តអគ្គីសនី ។ គាត់បញ្ជាក់ថា៖ ផ្ទះទិញតំលៃ៤៩០០០ដុល្លារ ត្រូវបង់រំលោះរយៈពេល១៧ឆ្នាំ ហើយក្នុង១ខែបង់រំលោះ៤៥៩ដុល្លារ ចុះបើទើបនិងចូលមកនៅមិនបានប៉ុន្មានខែផងជួបបញ្ហាបែបនេះទៅហើយ ទម្រាំនៅរាប់ឆ្នាំទៅមុខទៀតវាទៅជាយ៉ាងណា..?

អ្នកទិញផ្ទះល្វែងនៅបុរីពិភពថ្មី នៅក្រុងតាខ្មៅក៏បាននិយាយស្រដៀងៗគ្នាយ៉ាងផងដែរ ដូច្នេះបើអ្នកឧកញ៉ា ហុង ពីវ មិនបានពិនិត្យដិតដល់ចំពោះក្រុមបច្ចេកទេស វិស្វករ និងអ្នកគ្រប់គ្រងតាមបុរីពិភពថ្មីដែលកើតហេតុការណ៍នោះទេ អាចប្រឈមកាត់បន្ថយអតិថិជនក៏អាចមាន ខណៈទីផ្សារសំណង់ បុរី កំពុងប្រកួតប្រជែងលើគុណភាពស្តង់ដារ ពិសេសប្រជាពលរដ្ឋខំរកលុយដោយការសន្សំលំបាក ហើយទិញចំផ្ទះល្វែងគ្មានគុណភាពទៀត ប្រាកដជាបន្តលើកបញ្ហានេះបញ្ជាក់តៗគ្នាមិនខាន។

ថ្មីៗនេះខាងក្រុមហ៊ុនសំណង់បុរីពិភពថ្មី របស់អ្នកឧកញ៉ា ហុង ពីវ បានអោយសមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ជាម្ចាស់អាខោនហ្វេសប៊ុក ដែលបង្ហោះបំផ្លើសការពិតថាសំណង់ពិភពថ្មី ចាក់ប្រង់សេអត់ដាក់ដែក ហើយម្ចាស់អាខោនបានសូមទោសជាសាធារណៈ ជាមួយការLikeផ្ទាល់លើផេកផ្លូវការអ្នកឧកញ៉ា ហុង ពីវ។ ប៉ុន្តែបញ្ហាសំណង់ជ្រាបទឹកហាក់មិនទាន់ធ្វើការបកស្រាយ។ ដោយឡែកម្ចាស់អាខោនឈ្មោះ(ផេង និម្មិត) ខាងអ្នកឧកញ៉ាមិនបានចាប់ឬឃាត់ខ្លួនទេ អាចនិយាយការពិត ត្រូវៗ ទើបប្អូនប្រុសបញ្ជាក់ថា៖ ខាងអ្នកឧកញ៉ាប្រាប់ទៅខាងជាអោយមកមើលជួសជុល តែមិនដឹងយ៉ាងណាយ៉ាងណីទៀតទេ៕ សុខ ខេមរា


ចែករំលែក៖