ព័ត៌មានទាន់ហេតុការណ៍៖

ការពិតទេ​ ? អ្នកជំនាញ៣នាក់​ និយាយថា​ នាង​ ចេវ​ សុវឌ្ឍនា​ ស្លាប់ដោយសារចងក​ ពិតប្រាកដមែន​

ចែករំលែក៖

ភ្នំពេញ​៖ មន្ត្រីជំនាញកោសល្យវិច័យ៣នាក់​ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ បញ្ជាក់ថា​ សព​ នាង​ ចេវ​ សុវឌ្ឍនា​ ស្រីកំណាន់លោក​ ឡាយ​ វណ្ណៈ​ អតីតអភិបាលខេត្តតាកែវ​ គឺ​ ស្លាប់ដោយសារចងកពិតប្រាកដមែន​ ។

មន្ត្រីជំនាញកោសល្យវិច័យទាំង ៣នាក់រួមមាន​ លោក មាស ទេន នាយរងការិយាល័យបច្ចេកទេស នៃស្នងការនគរបាលខេត្តតាកែវ​ , លោក អូន នឿន ប្រធានផ្នែកបច្ចេកទេស នៃស្នងការនគរបាលខេត្តតាកែវ និងលោកវិជ្ជបណ្ឌិត ឈូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានឆ្លេីយបែបនេះ​ ក្នុងសវនាការសាលាដំបូងរាជធានីភ្នំពេញ​ នៅថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០១៩​ នេះ​ ។

ការឆ្លេីយនេះ​ គឺ​ ដើម្បីបញ្ជាក់ការពិតអំពីរបាយការណ៍ និងកំណត់ហេតុពិនិត្យសពជនរងគ្រោះនៅពេលកើតហើយ។

សាក្សីទាំង៣នាក់​ សុទ្ធតែបានអះអាងការពាររបាយការណ៍របស់ពួកគេថា បន្ទាប់ពីពួកគេ ពិនិត្យទីតាំងកើតហេតុ, ពិនិត្យសភាពសាកសពរបស់ជនរងគ្រោះ, ពិនិត្យភស្តុតាង (សំបុត្របណ្តាំ) ដែលជនរងគ្រោះបន្សល់ទុក និងស្តាប់ចម្លើយរបស់អ្នកបម្រើជនរងគ្រោះឈ្មោះ ចាន់ រី មន្ត្រីជំនាញដោយមានទាំងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវចូលរួមដឹងឮចំពោះលទ្ធផលកោសល្យវិច័យ បានបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន។

បន្ទាប់ពីសាកសួរសាក្សី៣នាក់ និងអ្នកជំនាញឯករាជកោសល្យវិច័យម្នាក់ចប់សព្វគ្រប់ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានសម្រេចលើកពេលទៅបើកសវនាការសំណុំរឿងនេះនៅព្រឹកថ្ងៃទី០១ ខែឧសភាឆ្នាំ២០១៩ខាងមុខ​ ៕ចេស្តា


ចែករំលែក៖