ព័ត៌មានទាន់ហេតុការណ៍៖

ដាច់លុយយកធុងបាស់ទៅបញ្ចាំ ដើម្បីយកគ្រឿងញៀនប្រើប្រាស់ ដឹងដល់សមត្ថកិច្ចចាប់ខ្លួនបាន២នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ដាច់លុយទិញគ្រឿងញៀន បានយកកូនធុងបាស់របស់ខ្លួនទៅបញ្ចាំដោះដូរយកគ្រឿងញៀនពីជនសង្ស័យ២នាក់ទៀត ដើម្បីប្រើប្រាស់ តែលាក់មិនជិតដឹងដល់សមត្ថកិច្ចមកចាប់ខ្លួនបាន២នាក់ រីឯម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ខី ឌីណា ស្ថិតក្នុងភូមិស្វាយពុំត្រង់ ឃុំកោះអន្លង់ចិន ស្រុកស្អាង ។

មន្រ្ដីនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបាន២មាននាក់ ទី១.ឈ្មោះ ឡុង រ៉ាវូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ(ជាអ្នកជួញដូរគ្រឿងញៀន) ទី២. ឈ្មោះ យ៉ុន រ៉ាម៉េត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក (ជាអ្នកប្រើប្រាស់គ្រឿងញៀន) ។ ជនសង្ស័យទាំង២នាក់ មានទីលំនៅភូមិក្បាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនឈ្មោះ ឃី ឌីណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) មានទីលំនៅភូមិស្វាយពុំត្រង់ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល ។ ដោយឡែកក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាកទឹកកកចំនួន១កញ្ចប់ធំ ,អាវុធច្នៃចំនួន២ដើម ,ដាវចំនួន១ដើម ,កូនធុងបាស់ចំនួន១ ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១ និងឧបករណ៍សម្រាប់ប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលកោះអន្លង់ចិន បានទទួលព័ត៌មានថា ជនសង្ស័យទាំង៣នាក់ខាងលើ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ឃី ឌីណា ភ្លាមនោះកម្លាំងនគរបាលប៉ុស្ដិ៍បានចុះទៅកន្លែងកើតហេតុ រួចបានប្រទះឃើញជនសង្ស័យឈ្មោះ យ៉ុន រ៉ាម៉េតកំពុងកាន់កូនធុងបាស់ចំនួន១ នៅក្បែរផ្ទះបាយ ឈ្មោះ ឃី ឌីណា ដើម្បីដោះដូរទិញគ្រឿងញៀន ភ្លាមនោះសមត្ថកិច្ចប៉ុស្ដិ៍បានឃាត់ខ្លួនឈ្មោះ យ៉ុន រ៉ាម៉េត និងឈ្មោះ ឡុង រ៉ាបូ រីឯឈ្មោះ ឃី ឌីណា បានគេចខ្លួនពីកន្លែងកើតហេតុ ។ ដោយមានការសង្ស័យក្នុងផ្ទះជនសង្ស័យឈ្មោះ ឃី ឌីណា មានលាក់ទុកគ្រឿងញៀន ខណះនោះ កម្លាំងនគរបាលប៉ុស្ដិ៍បានសហការជាមួយកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុក ដោយមានការចូលរួមពីលោកមេឃុំ ,លោកមេភូមិ បានបន្តត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានឈ្មោះ ឃី ឌីណា រកឃើញថ្នាំញៀនចំនួន១កញ្ចប់ធំ , និងវត្ថុតាងពាក់ព័ន្ធមួយចំនួនដូចបានរៀបរាប់ខាងលើ ឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះឡុង រ៉ាវូ និងឈ្មោះ យ៉ុន រ៉ាម៉េត រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ យ៉ុន រ៉ាម៉េត បានសារភាពថា ខ្លួនពិតជាបានមកផ្ទះឈ្មោះ ឃី ឌីណា ដោយយកកូនធុងបាស់មកដាក់បញ្ចាំដូរយកគ្រឿងញៀនប្រើប្រាស់ប្រាកដមែន ហើយខ្លួនធ្លាប់បានលក់និងជក់គ្រឿងញៀនរយះពេល៣ឆ្នាំមកហើយ ។ ចំណែកឈ្មោះ ឡុង រ៉ាវូ បានសារភាពថាខ្លួនពិតជាបានទាក់ទងជាមួយឈ្មោះ យ៉ុន រ៉ាម៉េត ដើម្បីយកកូនធុងបាស់ខាងដោះដូរឲ្យគ្រឿងទៅឈ្មោះ យ៉ុន រ៉ាម៉េត ប្រាដកមែន ដោយឲ្យ យ៉ុន រ៉ាម៉េតមកទទួលគ្រឿងញៀននៅម្ដុំផ្ទះបាយរបស់ឈ្មោះ ឃី ឌីណា ៕ ស្អាងជ័យ


ចែករំលែក៖