ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកសំរោង​ថា មិនលក់ដី​បឹងអូរតាសុខ ប៉ុន្តែ​បែរជាលួចដកគ្រឿងចក្រ​ទាំងយប់អធ្រាត្រ

ចែករំលែក៖

ខេត្តតាកែវ៖ លោកកេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ​បានរុញប្រជាពលរដ្ឋ​ឲ្យមកជួយលាងសម្អាត​គូថរបស់ខ្លួន ដែលស្អុយរលួយរឿង​អភិបាលរងស្រុក​ចុះហត្ថលេខា​​ឲ្យគេ​ជីកយកអាចម៍ដីទៅលក់​ដោយឲ្យប្រជាពលរដ្ឋទាំងនោះអះអាងថា លោកអភិបាល​ស្រុក​មិនបាន​លក់​បឹងអូរតាសុខនោះទេ ។ សម្រាប់អ្នកដែលឃើញហេតុការណ៍ពិតជាក់ស្តែងនៅឃុំសំរោង ស្រុកសំរោង​ខេត្តតាកែវ អះអាងថា បើ​លោកអភិបាលស្រុក​មិន​លក់ចំណែកដី​បឹងអូរតាសុខទេនោះ ហេតុអ្វីបានជា​ត្រូវដកគ្រឿងចក្រទាំងយប់​អធ្រាត្រកាលពីប៉ុន្មានថ្ងៃមុននោះ? ។

ក្រោមការរិះគន់ពីប្រជាពលរដ្ឋ​ក្នុងស្រុក លោកកេត ម៉ៅ ថ្មីៗនេះ បានបើកយុទ្ធនាការ​លាងជម្រះខ្លួន​ដោយបានចុះ​ណែនាំ​តាមសាលារៀននានា​អំពីបញ្ហាល្បែងស៊ីសង និងគ្រឿងញៀនជាដើម ។ ប៉ុន្តែ​ប្រជាពលរដ្ឋអះអាងថា ល្បែងស៊ីសង​គ្រប់ប្រភេទ​ពិសេស​កន្ទុយ​លេខ ក៏ដូចជាគ្រឿងញៀន​កំពុងរីករាលដាល​យ៉ាងខ្លាំង​នៅក្នុងភូមិសាស្ត្រ​ស្រុកសំរោង ខេត្តតាកែវ ។ អាជ្ញាធរស្រុក អសមត្ថភាព​ស្ទើរតែទាំងស្រុងក្នុងវិធានការបង្ក្រាបល្បែងស៊ីសង និងគ្រឿងញៀន ។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋខ្សឹបខ្សៀវ​គ្នាថា អាជ្ញាធរស្រុក​ជាប់ពាក់ព័ន្ធបញ្ហាផលប្រយោជន៍ជាមួយនឹង​ល្បែងស៊ីសង​ច្រើនប្រភេទ​ រួមទាំងកន្ទុយលេខ ។ រីឯ​បញ្ហាគ្រឿងញៀន ក៏ប្រហាក់ប្រហែល​នឹង​បញ្ហាល្បែងស៊ីសងនេះដែរ ។

រីឯការលក់​អាចម៍ដីបឹងអូរតាសុខ គឺជារឿងដែលលោកកេត ម៉ៅ មិនអាចប្រកែកបានឡើយ ។ ប្រសិនបើគ្រឿងចក្រ​នោះកាយបឹងដើម្បី​ឲ្យមានជម្រៅជ្រៅសម្រាប់​ស្តុកទឹកទុកនោះ គ្រឿងចក្រ​មិនគួរដកចេញទាំងយប់អធ្រាត្រនោះឡើយ ។ ជាការពិតគឺអាចម៍ដីដែលបានពីការជីកបឹងអូរតាសុខនោះ លក់បានលុយរាប់ម៉ឺនដុល្លារឯណោះ ។ នេះគេហៅថា នយោបាយព្រួញមួយបាញ់បានសត្វពីរ ពោលគឺលុយក៏បាន រីឯបឹងក៏ជ្រៅ អាចស្តុកទឹក​បានច្រើនទៀតផង ។

ទោះបីជា​គ្រឿងចក្រត្រូវបានជម្លៀសចេញទាំងយប់ក៏ដោយ ក៏វោហាសាស្ត្រ​អាងខ្នង​របស់លោក កេត ម៉ៅ និង​មន្ទីរ​រ៉ែ និងថាមពល ខេត្តតាកែវ នៅតែឌឺដងព្រលយដាក់គ្នា ។ លោក កេត ម៉ៅ បាន​និយាយថា ប្រធានមន្ទីររ៉ែ និងថាមពល លោក ផេង វុធ បាន​ប្រើ​សហការី​ឲ្យមកយកលុយពី​ម្ចាស់គ្រឿងចក្រ​កាយអាចម៍ដីនៅបឹងអូរតាសុខ១០០ដុល្លារ ប៉ុន្តែម្ចាស់គ្រឿងចក្រមិនឲ្យ ទើបរឿងនេះ​បែក​ធ្លាយដល់អ្នកកាសែត ។ ការលើកឡើង​របស់លោក កេត ម៉ៅ យ៉ាងដូច្នេះគឺបញ្ជាក់ច្បាស់ថា មានគ្រឿងចក្រ​ជីកកកាយ​យកអាចម៍ដី នៅចំណែកបឹងអូរតាសុខ​នោះមែន ។

រីឯ​លោកផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ​បាននិយាយថា លោកបានចុះស្រាវជ្រាវ​រឿង​ជីកកកាយដីនេះ មិនមែន​ទៅសុំលុយម្ចាស់គ្រឿងចក្រនោះទេ ។ លោកថា ការជីកកកាយ​យកអាចម៍ដី ដោយគ្មានច្បាប់នោះ គឺជាទង្វើខុសច្បាប់ ។

បើទោះបីជាគ្រឿងចក្រ​ដកចេញ​ពី​បឹងអូរតាសុខ ស្ថិតនៅក្នុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវនោះហើយក៏ដោយ ប៉ុន្តែបញ្ហាប្រឈម​នៅតែមាន ក៏ព្រោះតែលោកអភិបាលស្រុក​អាងខ្នង ហើយមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួន ។ មន្ទីរជំនាញ ដឹងថា វាជាកំហុសរបស់លោក​អភិបាលស្រុក​ ដូច្នេះ ក៏ប្រឹងរុញរឿងនេះ​ឲ្យកាន់តែផ្ទុះឡើង​ ពីព្រោះ ចង់បង្ហាញស្នាដៃ នៃភាពខ្លាំងរបស់ខ្លួនដែរ។ សម្រាប់ប្រជាពលរដ្ឋនៅស្រុកសំរោង ភាគច្រើនដឹងថា អ្វីដែលជាគោលដៅពិតប្រាកដ​របស់លោក កេត ម៉ៅ ពោលគឺមិនមែនប្រជាពលរដ្ឋដែលត្រូវបានណែនាំ​ឲ្យបដិសេធន៍ថា គ្មានការលក់បឹងនោះទេ ផ្ទុយទៅវិញ មនុស្សភាគច្រើន​ក្នុងស្រុកសំរោង​ រួមទាំងអភិបាលរងស្រុកពីររូបផ្សេងទៀត​ជាអ្នកដឹងការពិត ។

គេនិយាយថា លោកកេត ម៉ៅ ប្រើតែអភិបាលរងស្រុកម្នាក់ឈ្មោះ​ ទុយ គឹមស្រៀង អតីតមន្ត្រីគណបក្សហ្វ៊ុនស៊ីនប៉ិច ជិះម៉ូតូកញ្ចាស់ម្នាក់នោះតែប៉ុណ្ណោះ រីឯអភិបាលរងដទៃទៀត អង្គុយបៀមប៊ិកឡើងខៀវធ្មេញទៅហើយ… ៕ ហេង សូរិយា


ចែករំលែក៖