ក្នុងនាមប្រជាពលរដ្ឋម្នាក់នៅក្រុងព្រះសីហនុ មានចម្ងល់ជាខ្លាំងចំពោះបញ្ហាសំរាម ដែលកំពុងកកស្ទះនៅតាមផ្លូវនានាក្នុងទីក្រុងមាត់សមុទ្រមួយនេះ ។ ថ្មីៗនេះអាជ្ញាធរក្រុង ក៏ដូចជាខេត្តទទួលស្គាល់ថា ការយឺតយ៉ាវ ឬការមិនមកប្រមូលសំរាមរបស់ក្រុមហ៊ុន KSWM ដោយសារតែក្រុមហ៊ុនខ្វះរថយន្តដឹកជញ្ជូន និងខ្វះកម្លាំងពលកម្ម ។ ចំណុចទាំងពីរនេះ វាជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ ឬក៏ជាការទទួលខុសត្រូវរបស់អាជ្ញាធរ និងក្រុមហ៊ុន? អាជ្ញាធរព្រមានប្រជាពលរដ្ឋមិនឲ្យចោលសំរាមផ្តេសផ្តាស់ ប៉ុន្តែបែរជាមិនទទួលខុសត្រូវលើករណីដែលក្រុមហ៊ុនមិនមកប្រមូលសំរាមនោះផងទេ ។
ចរិកនយោបាយដឹកនាំរបស់អាជ្ញាធរក្រុង និងខេត្ត គឺជាការមិនទទួលខុសត្រូវ ហើយចាំទម្លាក់កំហុសមកលើប្រជាពលរដ្ឋ ។ ការខ្វះកម្លាំងពលកម្ម មិនមែនជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋនោះទេ ។ ផ្ទុយទៅវិញក្រុមហ៊ុនប្រមូលសំរាមបានយកលុយយ៉ាងទៀតទាត់ពីគ្រប់លំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងមួយនេះ ។ ដូច្នេះអាជ្ញាធរត្រូវហ៊ានទទួលស្គាល់នូវចំណុចខ្សោយ និងចំណុចខ្វះខាតរបស់ខ្លួន មិនមែនព្រមានប្រជាពលរដ្ឋដែលចោលសំរាមផ្តេសផ្តាស់នោះទេ ។ គ្មានប្រជាពលរដ្ឋណាចង់ចោលសំរាម ផ្តេសផ្តាស់នោះទេ ។ ប៉ុន្តែបើគ្មានរថយន្តប្រមូលសំរាមមកដឹកសំរាមចេញ តើឲ្យប្រជាពលរដ្ឋយកសំរាមទៅចោលនៅឯណា? តើត្រូវឲ្យប្រជាពលរដ្ឋ ដឹកសំរាមទៅចោលនៅទីលានចាក់សំរាមដោយខ្លួនឯង ហើយបង់លុយឈ្នួលប្រមូលសំរាមឲ្យក្រុមហ៊ុន KSWM រៀងរាល់ខែឬយ៉ាងណា? ដូចជាមិនសមទេដឹងលោកអភិបាលក្រុង-ខេត្ត?
អាជ្ញាធរគិតថា វាជារឿងកំប៉ិកកំប៉ុក ឬតូចតាចណាស់អំពីបញ្ហាសំរាម ។ ប៉ុន្តែប្រជាពលរដ្ឋមើលឃើញថា វាជារឿងដែលត្រូវដោះស្រាយឲ្យខាងតែបាន មិនមែនខ្លាចក្រុមហ៊ុនរត់ចេញពីក្រុងនោះទេ ។ មិនមែនយកបញ្ហាខ្វះកម្លាំងពលកម្មមកដាក់ពីមុខ ហើយធ្វើឲ្យសំរាមនៅចាល់ពេញផ្លូវថ្នល់នោះទេ ។ ក្រុមហ៊ុនបានទទួលយកលុយពីលំនៅឋានប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ ។ ដូច្នេះក្រុមហ៊ុនពិតជាអ្នកដែលទទួលខុសត្រូវមុនគេ ក្នុងការប្រមូលសំរាមចេញពីមុខផ្ទះប្រជាពលរដ្ឋឲ្យទៀងទាត់តាមកាលវិភាគ ។ មិនមែនចុះមកប្រមូលសំរាមមួយថ្ងៃបាត់មួយសប្តាហ៍ ឬពីរសប្តាហ៍មកម្តងនោះទេ ។ រីឯអាជ្ញាធរត្រូវដាក់លក្ខខណ្ឌច្បាស់លាស់ជាមួយក្រុមហ៊ុនប្រមូលសំរាម ក្នុងការកំណត់កាលវិភាគចុះមកប្រមូលឲ្យបានទៀងទាត់ ។
ក្នុងនាមប្រជាពលរដ្ឋមួយរូប ខ្ញុំបាទមើលឃើញថា វិធានការរបស់អាជ្ញាធរគឺមានគោលការច្បាស់លាស់ជាមួយក្រុមហ៊ុនប្រមូលសំរាម ហើយបើក្រុមហ៊ុនចុះមកប្រមូលទៀតទាត់ ប៉ុន្តែប្រជាពលរដ្ឋនៅតែមិនព្រមយកសំរាមចេញពីក្នុងផ្ទះទៅឲ្យរថយន្តប្រមូលសំរាមទេ នោះអ្នកណាយកសំរាមចោលពាសវាលពាសកាល នឹងត្រូវផាកពិន័យ ។ ការងារទាំងនេះ ត្រូវមានគោលការណ៍ច្បាស់លាស់ និងមានអ្នកទទួលខុសត្រូវកម្រិតខ្ពស់ ។ មិនមែននៅពេលដែលមានការស្តីបន្ទោស ឬរិះគន់ពីមជ្ឈដ្ឋាននានា បែរជាអាជ្ញាធរ ស្តីបន្ទោសលើប្រជាពលរដ្ឋនោះឡើយ ។ ប្រជាពលរដ្ឋចាំតែខុសឬយ៉ាងណា? តើខាងក្រុមហ៊ុនប្រមូលសំរាមបានបំពេញតួនាទីត្រឹមត្រូវឬទេ? ឬមួយកិច្ចសន្យាប្រមូលសំរាមនៅក្រុងព្រះសីហនុកំណត់ថា មួយសប្តាហ៍ចុះមកប្រមូលម្តង? ហើយបើក្រុមហ៊ុនខ្វះកម្លាំងពលកម្ម មិនមកប្រមូលក៏ហីទៅ??? សូមអាជ្ញាធរគិតគូរឡើងវិញគិតគូរឡើងវិញរឿងសំរាមនេះ ៕ ប្រជាពលរដ្ឋម្នាក់