ខេត្តស្វាយរៀង៖ បុរសសង្ស័យជាប្ដីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីបានប្រើហិង្សាយ៉ាងព្រៃផ្សៃ ខណៈយកកាំបិតកាកុកកាប់ទៅលើស្ត្រីជាប្រពន្ធជាច្រើនកន្លែង បណ្ដាលឲ្យហូរឈាមជោកខ្លួនសន្លប់ ក្នុងថ្លុកឈាម គួរឲ្យរន្ធត់ក្រោយពីទំនាស់ពាក្យសំដីគ្នាបន្តិចបន្តួច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិត្រពាំងប្រិយ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ វ៉ា ទាប ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិខ្មែរមុខរបរកសិកររស់នៅភូមិត្រពាំងប្រិយ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែកស្រ្តីរងគ្រោះជាប្រពន្ធមានឈ្មោះ ឈូក ខុន អាយុ៦៨ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។
ប្រភពបន្តថា ស្ត្រីខាងលើរងរបួសចំនួន៦កាំបិត ដោយត្រូវត្រង់កំភួនដៃឆ្វេង១កាំបិត គុម្ពត្រចៀកឆ្វេង១កាំបិត ស្មាខាងឆ្វេង១កាំបិត ស្មាខាងស្តាំ១កាំបិត និងគល់កខាងក្រោយ ចំនួន២កាំបិតផងដែរ ។
បើតាមអ្នកភូមិបានឲ្យដឹងថា គ្រួសារខាងលើ តែងតែមានជម្លោះគ្នា ជាប្រចាំ ខណៈប្ដីមកពីផឹកស្រាស្រវឹងម្ដងៗ រករឿងប្រពន្ធ និងកូនៗ ។
ដោយនៅថ្ងៃកើតហេតុ ពេលព្រឹកស្រាប់តែមានជម្លោះពាក្យសំដីជាមួយប្រពន្ធ ប្រមាណ១០នាទី ស្រាប់តែឮសូរសំឡេងស្រែកថា អូយជួយផង ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាប្ដីតែម្ដង ។
ចំណែកស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការនគបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន