ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីមេម៉ាយមានកូន១ម្នាក់ ធ្វើពិធីគម្រប់ខួបមេម៉ាយ៣ឆ្នាំរបស់ខ្លួន ផ្អើលអ្នកក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសបុក ម្នាក់ៗនាំគ្នាចែករំលែកបន្ត គ្រប់ៗគ្នា ខណៈដែលមានធៀបកម្មវិធីគម្រប់ខួបមួយ ដែលបានដាក់ថា ខួបគំរប់មេម៉ាយ៣ឆ្នាំ ដែលស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលកម្មវិធីនេះ បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ។

យោងតាមអ្នកភូមិដែលមានទីលំនៅក្នុងភូមិសង្កាត់ខាងលើ បានឲ្យយើងដឹងថា៖ នៅក្នុងពិធីនោះ គឺមានភាពអធិកអធមខ្លាំងណាស់ ដោយមានការអញ្ជើញសាច់ញាតិ និងមិត្តភក្ដិជិតឆ្ងាយមកចូលរួមយ៉ាងច្រើនផងដែរ ។

ពាក់ពន្ធ័ករណីខាងលើនេះ អ្នកស្រី ទេស ស្រីនាង ជាស្រ្ដីមេម៉ាយខាងលើបានរៀបរាប់ឲ្យដឹងថា គាត់ពិតជាធ្វើកម្មវិធីនេះពិតប្រាកដមែន ខណៈដែលរូបគាត់ធ្លាប់មានប្តី២ដងរួចមកហើយ ថែមទាំងមានកូនស្រីម្នាក់ មានអាយុ៩ឆ្នាំផងដែរ ។

អ្នកស្រីបន្តថា ការដែលគាត់រៀបចំកម្មវិធីនេះឡើង គឺដើម្បីចង់ឲ្យមនុស្សស្រីដែលមានការលែងលះគ្នាជាមួយប្តី ហើយនៅភាពជាស្ដ្រីមេម៉ាយ ត្រូវតាំងចិត្តឲ្យរឹងមាំឡើង សូមកុំបាក់ទឹកចិត្ត ត្រូវខិតខំរៀនរស់នៅដោយខ្លួនឯង បើទោះបីយើងគ្មានប្តីក៏ដោយ ក៏យើងត្រូវតែខិតខំរកស៊ីចិញ្ចឹមកូនដោយខ្លួនឯងបានដែរ ។

ស្រ្ដីមេម៉ាយដដែលបានបន្ដទៀតថា៖ ការបង្កើតកម្មវិធីនេះឡើង គឺចង់ឲ្យមនុស្ស ស្រីទាំង ជាពិសេសស្រ្ដីមេម៉ាយ ដែលមានប្រវត្តិធ្លាប់លែងលះគ្នាជាមួយនឹងប្ដី កុំធ្វើរឿងអី្វផ្តេះផ្តាស បើយើងនៅមានជីវិត ត្រូវតែតស៊ូឡើង ត្រូវខិតខំរកស៊ី ដើម្បីកូនៗជាទីស្រឡាញ់ និងបងប្អូនឪពុកម្តាយ មិនមែនអត់ប្តី យើងរស់មិនបាននោះទេ គឺយើងមានសមត្ថភាពរៀនរស់ដោយខ្លួនឯងបាន ។

ទោះបីយ៉ាងណា មហាជនក៏បាននាំគ្នាសាទរ ដល់អ្នកស្រីដែលហ៊ានចេញមុខធ្វើកម្មវិធីនេះ មិនខ្លាចមានការរិះគន់ពីសំណាក់បណ្ដាញសង្គមហ្វេសបុក និងអ្នកជិតខាង ខណៈមានភ្ញៀវចូលរួមយ៉ាងច្រើនផងដែរ ៕ យឹម សុថាន


ចែករំលែក៖