ខេត្តកំពង់ធំ ៖ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យជាគ្រូដោះអំពើម្នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីបានទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះថា ជនសង្ស័យបានល្បួងនាងយកទៅរួមភេទរហូតមានផ្ទៃពោះ ។ នារីជាជនរងគ្រោះមានអាយុ១៩ឆ្នាំ មុខរបរសិស្ស ។ ចំណែកជនសង្ស័យ ឈ្មោះ ឈឹម ភ័ត្រា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរធ្វើជាគ្រូដោះអំពើ មានទីលំនៅភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកវរៈសេនីយ៍ទោ វ៉ន សុភ័ណ្ឌ អធិការរងនគរបាលស្រុកស្ទោងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីនារីជាជនរងគ្រោះម្នាក់ បានមកដាក់ពាក្យប្តឹងជនសង្ស័យម្នាក់ ជាគ្រូដោះអំពើថា បានប្រើល្បិចលូកស្ទាបច្របាច់សុដន់ លូកប្រដាប់ភេទ និងល្បួងនាំនាងយកទៅរួមភេទបានសម្រេចជាច្រើនដងនៅក្នុងព្រៃ ដោយទាមទារជំងឺចិត្តចំនួន៣០០០ដុល្លារ និងសូមឲ្យផ្តន្ទាទោសតាមច្បាប់ ។
បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឺងពីនារីរងគ្រោះរួចមក នៅវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្ទោង ក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឹម ភ័ត្រា ហៅឆាំ ភេទប្រុស អាយុ៣៨ឆ្នាំខាងលើ តាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ពាក់ព័ន្ធករណីប្រទូស្តកេរ្តិ៍ខ្មាស់ និងរំលោភសេពសន្ថវៈ ។
លោកអធិការងបន្តថា បើយោងតាមចម្លើយរបស់នារីរងគ្រោះបានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោងប្រហែល២រសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅពេលដែលនាងចេញពីសាលាទៅដល់ផ្ទះ ក៏បានជួបជាមួយជនសង្ស័យ កំពុងតែព្យាបាលជំងឺឲ្យបងស្រីរបស់នាង នៅលើផ្ទះ ខណៈនោះនាងក៏ឲ្យជនសង្ស័យទស្សន៍ទាយមើល ព្រោះអី នៅក្នុងខ្លួននាងមិនសូវស្រួលសោះ ចេះតែឈឺ ។
តាមប្រភពដដែលបានបន្តថា ពេលនោះជនសង្ស័យក៏បានទស្សន៍ទាយមើលឲ្យរួច ហើយប្រាប់ថា នាងត្រូវអំពើរបស់គេហើយ បើចង់ជា ត្រូវតែធ្វើតាមលោកតាទៅ ។ ពេលឮថា ត្រូវអំពើគេដូច្នេះ នាងភ័យណាស់ ហើយក៏យល់ព្រម ធ្វើតាមការបង្គាប់របស់ជនសង្ស័យភ្លាម ដោយជនសង្ស័យតម្រូវឲ្យនាងចូលទៅទទូរ ភួយឆ្ពុងថ្នាំ ខណៈនាងកំពុងតែឆ្ពុងនោះ ស្រាប់តែជនសង្ស័យក៏បានលូកដៃទៅស្ទាបធ្វើឲ្យនាងពុះកញ្ជ្រោលរោលរាលជាខ្លាំង ពេលនោះនាងមិនបានស្រែក ឬក៏រករឿងជនសង្ស័យនោះឡើយ ។
ប្រភពដដែលបានបន្តទៀតថា លុះដល់ថ្ងៃបន្ទាប់មកទៀតនៅថ្ងៃទី១០-១១ និងទី១២ ខែមីនា ជនសង្ស័យក៏បានទៅធ្វើសកម្មភាពលូកស្ទាបច្របាច់ដូចពេលមុនៗដដែល រហូតដល់ថ្ងៃទី១៣ ខែមីនា ជនសង្ស័យបានទៅជួបនាង ហើយប្រាប់នាងថា ទាល់តែទៅឆ្ពង់នៅក្នុងព្រៃទើបមានប្រសិទ្ធភាព ។ ពេលឮសម្តីនេះ នាងក៏យល់ព្រមទៅឆ្ពង់នៅក្នុងព្រៃជាមួយជនសង្ស័យ ធ្វើឲ្យមានតម្រូវការផ្លូវភេទ ហើយជនសង្ស័យក៏បានរួមភេទជាមួយនាងបានចំនួនពីរដង ។
បន្ទាប់មកទៀត នាងតែងតែទៅរួមភេទជាមួយគ្នារហូត ដល់ចុងក្រោយនៅរសៀលថ្ងៃទី២១ ខែមីនា ជនសង្ស័យបាននាំខ្លួនទៅក្នុងព្រៃរួមភេទបានម្តងទៀត ។ ក្រោយមក នាងបានទៅពិនិត្យសុខភាពជាមួយបងស្រីរបស់នាងនៅឯមន្ទីរពេទ្យ ហើយគ្រូពេទ្យប្រាប់ថា នាងមានផ្ទៃពោះហើយ ទើបនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នាងក៏មកប្តឹងទារជំងឺចិត្តតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឈឹម ភ័ត្រា បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើនេះមែន ក៏ប៉ុន្តែដោយសារតែមានការយល់ព្រមពីភាគីខាងនាងផងដែរ ទើបលោកហ៊ានធ្វើយ៉ាងដូច្នេះ ។ ជនសង្ស័យបានសារភាពទៀតថា កន្លងមក ខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួនជាង៧ឆ្នាំ ពីបទជាប់ចោទ ដូចករណីខាងលើនេះដែរ និងទើបតែចេញពីពន្ធនាគារនៅក្នុងឆ្នាំ២០១៨នេះទេ ។
ក្រោយពីកសាងសំណុំរឿងចប់សព្វគ្រប់ សមត្ថកិច្ចក៏បញ្ជូនជនសង្ស័យទៅកាន់ស្នងការនគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ប៊ុនរិទ្ធី