ខេត្តស្វាយរៀង៖ មានករណីលង់ទឹកស្លាប់ក្មេង ប្រុស ស្រី៣នាក់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមីនាំគ្នាប្រញាប់ប្រញាល ជួយសង្គ្រោះលើកចេញពីក្នុងទឹកព្រែកដូនសរ ធ្វើចលនាដៃជើង និងបម្រុងយកមកកាន់មន្ទីរពេទ្យ ប៉ុន្តែអកុសល ឈ្លក់ទឹកស្លាប់បាត់ទៅហើយ ខណៈក្រុមគ្រួសារមានជីវភាពក្រីក្រ ខ្វះខាត រកព្រឹកខ្វះល្ងាច ទើបក្មេងៗទាំងនោះ នាំគ្នាជិះទូកដើរលេង និងរាវគ្រំ ដើម្បីយកទៅលក់ចិញ្ចឹមក្រុមគ្រួសារ មិនដឹងយ៉ាងម៉េច ស្រាប់តែធ្លាក់ចូលទឹក កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅព្រែកភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ក្មេងប្រុស ស្រី ដែលសង្ស័យ លង់ទឹកស្លាប់មានឈ្មោះ ជុន ស្រីនាង អាយុ ១៤ឆ្នាំ ភេទស្រី ជាសិស្សសាលា ត្រូវជាបង, ឈ្មោះ ជុន ស្រីនីត ភេទស្រី អាយុ១២ឆ្នាំ ជាសិស្សសាលាបឋមសិក្សាល្ងើន អ្នកទាំង២ មានទីលំនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងទី៣ឈ្មោះ លី ធារ៉ា ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្សសាលាបឋមសិក្សាល្ងើន រស់នៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ គេឃើញក្មេងប្រុស ស្រី ៣នាក់ជាសិស្សសាលានាំគ្នាមកលេងព្រែកដូនសរ ហើយក៏បានឡើងទៅជិះទូកដើរលេង និងរាវគ្រំ ប្រមាណជា១៥នាទី ស្រាប់តែមិនដឹងយ៉ាងម៉េច ទូកផ្អៀងផ្អង ក៏លិចបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ខណៈក្មេងទាំងនោះបានស្រែកឲ្យជួយ ទើបនាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះលើកចេញពីក្នុងទឹកព្រែកដូនសរ ធ្វើចលនាដៃជើង និងបម្រុងយកមកកាន់មន្ទីរពេទ្យ ប៉ុន្តែអកុសលឈ្លក់ទឹកស្លាប់បាត់ទៅហើយ ។
ក្រោយមកសមត្ថកិច្ច មូលដ្ឋានបានមកដល់ធ្វើកំណត់ហេតុ ធ្វើកោសល្យវិច័យ រួចក៏បានប្រគល់ជូនឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន