ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថក្រុងឃាត់ខ្លួន បុរសញៀនថ្នាំម្នាក់ ក្រោយពីគំរាមសម្លាប់ប្រពន្ធ

ចែករំលែក៖

ប៉ោយបែត៖ ជនសង្ស័យញៀនថ្នាំម្នាក់ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនសាកសួរ បន្ទាប់ពីប្រើដាវសាំម៉ូរ៉ៃ គំរាមសម្លាប់ប្រពន្ធ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការ ក្រុងប៉ោយប៉ែតប្រាប់ថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំ កម្លាំងចុះប្រតិបត្តិការបង្រ្កាបករណី ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ។ បន្ទាប់ពីឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យរួចមក កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកបន្ថែមថា យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អឿន ណាក់ ភេទ ស្រី អាយុ ៣៧ឆ្នាំ ត្រូវជាភរិយារបស់ជនសង្ស័យ រស់នៅក្នុងភូមិចាន់គីរី សង្កាត់/ក្រុងប៉ោយប៉ែត បានបំភ្លឺឲ្យដឹងថា ៖ ជនសង្ស័យមានឈ្មោះ ឃួន ហាន ភេទ ប្រុស អាយុ ៣៨ឆ្នាំ ត្រូវជាប្តី ជាមនុស្សញៀនគ្រឿងញៀន ពេលដែលខ្លួន ត្រឡប់មកពីធ្វើការម្តងៗ ជនសង្ស័យ តែងតែរករឿងឈ្លោះទាស់ទែងរាល់ថ្ងៃ ថែមទាំងប្រើហិង្សាមកលើខ្លួន និងបានយកកាំបិតផ្គាក់មកគំរាមសម្លាប់ខ្លួនជារៀងរាល់ថ្ងៃ រហូតដល់ខ្លួនមិនហ៊ាននៅផ្ទះ ព្រោះខ្លាចប្តីសម្លាប់តាមការគំរាម ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់ប្រពន្ធខ្លួនពិតប្រាកដមែន ដោយសារតែខ្លួនខឹងប្រពន្ធទៅធ្វើការយូរពេក ត្រឡប់មកផ្ទះយឺតពេល ក៏មានការប្រកែកទាស់សម្តីគ្នាតឹងសរសៃករៀងៗខ្លួន ក៏មានហិង្សាតែម្តង ។

ក្រោយសួរនាំជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕​ វណ្ណា


ចែករំលែក៖