ព័ត៌មានទាន់ហេតុការណ៍៖

គេចពីនគរបាលចរាចរ មកបង្កការរំខាន់ដល់អ្នកដំណើរឆ្លងកាត់កំណាត់ផ្លូវលេខ៣៦៩

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលដែលកម្លាំងនគរបាលចរាចរ ដាក់គោលដៅត្រួតពិនិត្យរថយន្តដឹកជញ្ជូនធុនធ្ងន់ មិនឲ្យបើកចូលរាជធានីភ្នំពេញ នៅលើផ្លូវជាតិលេខ១ ចំណុចភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានធ្វើឲ្យរថយន្តដឹកជញ្ជូនធុនធំបង្វែទិសដៅក្នុងការធ្វើចរាចរលែងបើកឆ្លងកាត់ស្ពានព្រះមុនីវង្សទៀតហើយ តែក៏នៅមានរថយន្តប្រភេទដឹកទំនិញធុនធំមួយចំនួនមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ ពោលគឺគេចពីនគរបាលចរាចរ បើកបរចូលតាមផ្លូវតូចចង្អៀតបង្កការកកស្ទះចរាចរធ្វើឲ្យអ្នកដំណើររិះគន់គ្រប់ៗគ្នា ។

ដូចឃើញក្នុងរូបភាពនេះ នៅវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ រថយន្តធុនធំ២គ្រឿង បើកគេចពីនគរបាលចរាចរដាក់គោលដៅនៅលើផ្លូវជាតិលេខ១ ចំណុចភូមិបឹងឈូក សង្កាត់និរោធ បើកគេចចូលតាមផ្លូវ លេខ៣៦៩ បង្កការកកស្ទះចរាចរដល់អ្នកដំណើរ ប្រឈម និងបញ្ហាគ្រោះថ្នាក់ចរាចរគ្រប់ពេលវេលា ។ ក្នុងនោះរថយន្តប្រភេទដឹកកុងតឺន័របើកបរក្នុងទិសដៅពីជើងទៅត្បូង និងរថយន្តធុនធំប្រភេទដឹកទំនិញមួយគ្រឿងទៀតបើកបរក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់តំបន់ទីប្រជុំជនផ្សារចាមព្រែកប្រាបានធ្វើឲ្យស្ទះចរាចររំខានដល់អ្នកធ្វើដំណើរ ចំណែកអ្នកលក់ដូរនៅចិញ្ចើមផ្លូវរើកញ្ជើរ កញ្ច្រែង ខិតចូលទៅក្នុង ដើម្បីបើកផ្លូវឲ្យរថយន្តដឹកទំនិញធុនធំឆ្លងកាត់ ។

អ្នកលក់ដូរបានលើកឡើងថា ផ្លូវលេខ៣៦៩ដែលមានសភាពចង្អៀតនេះស្ទើតែក្លាយទៅជាផ្លូវសម្រាប់រថយន្តទឹកទំនិញធុនធំឆ្លងកាត់ហើយ ជារៀងរាល់ថ្ងៃមានរថយន្តដឹកទំនិញធុនធ្ងន់ឆ្លងកាត់មិនលោះថ្ងៃទេ ដោយសាររថយន្តដឹកទំនិញទាំងនោះបើកគេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ច ដោយធ្វើដំណើរចូលតាមផ្លូវរោងចក្រផលិតស្រាបៀថៃហ្គ័រឡើងមកផ្លូវលេខ៣៦៩ ហើយបើកឡើងមកផ្សារព្រែកប្រាទើបបើកឆ្លងស្ពានព្រះមុនីវង្សចាស់ចូលមកភូមិសាស្ត្រខណ្ឌចំការមន ។ ចំណែករថយន្តធុនធំមួយចំនួនទៀតបើកឆ្លងស្ពានព្រះមុនីវង្សបត់ទៅផ្លូវលេខ៣៦៩ ឆ្លងកាត់ផ្សារចាមព្រែកប្រាឡើងទៅផ្លូវរោងចក្រស្រាបៀថៃហ្គ័រវិញ ។

ជាសំណូមពរសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចជាពិសេសគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅជួយទប់ស្កាត់ចំពោះរថយន្តដឹកទំនិញធុនធំកុំឲ្យបើកឆ្លងកាត់តំទីប្រជុំជនតទៅទៀត ព្រោះប្រឈម និងហានិភ័យនៃគ្រោះថ្នាក់ចរាចរគ្រប់ពេលវេលា បង្កការកកស្ទះចរាចរជារៀងរាល់ថ្ងៃ ៕ សណ្តោស


ចែករំលែក៖