បញ្ហាកោះតៃវ៉ាន់់គឺជារឿងរសើបបំផុត នៅក្នុងទំនាក់ទំនង រវាងអាមេរិក នឹងចិន ដោយអាមេរិក មានទំនាក់ទំនងល្អជាមួយកោះតៃវ៉ាន់់ និងលក់អាវុធជាច្រើនទៅឲ្យតៃវ៉ាន់់ បើទោះបីចិនបានព្រមានជាច្រើនលើកច្រើនសារហើយក្តី ។
ប្រទេសជាច្រើន ក៏បានសម្រេច ដកទូតចេញពីកោះតៃវ៉ាន់់ងាកទៅបង្កើតទំនាក់ទំនងជាមួយចិនដីគោកវិញ ។ ដោយឡែក អាមេរិក បានបង្កើនទំនាក់ទំនងជាមួយកោះតៃវ៉ាន់់ ដោយអាមេរិកមានបំណងប្រែក្លាយកោះតៃវ៉ាន់់ធ្វើជា ទីតាំងសម្រាប់ប្រឆាំងចិន ។
ពេលថ្មីៗនេះ ចិនព្រមានអាមេរិក មិនត្រូវលក់យន្តហោះចម្បាំងF-16ឲ្យកោះតៃវ៉ាន់់ ដោយចាត់ទុកថា ការលក់យន្តហោះដល់កោះតៃវ៉ាន់់ គឺជារឿងមួយដ៏គ្រោះថ្នាក់ ។
ចាប់តាំងពីឆ្នាំ១៩៩២ អាមេរិកបានផ្អាកលក់យន្តហោះចម្បាំងឲ្យទៅកោះតៃវ៉ាន់ ដោយសារតែខ្លាចចិន ប្រតិកម្មខ្លាំង ។ ចិនតែងតែចាត់ទុកកោះនេះជា ដែនដីរបស់ចិន មិនអាចកាត់ផ្តាច់បានឡើយ ។
ប៉ុន្តែកាលពីដើមខែមីនា កន្លងមក រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ បានយល់ព្រមលក់យន្តហោះចម្បាំង ៦០គ្រឿង ឲ្យកោះតៃវ៉ាន់ ប្រភេទយន្តហោះ F-16v ។ សកម្មភាពខាងលើ បានធ្វើឲ្យរដ្ឋាភិបាលចិនខឹងសម្បារយ៉ាងខ្លាំង ។
កាលពីថ្ងៃទី២៨ ខែមីនា អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយថា ចិនប្រឆាំងយ៉ាងដាច់ខាតនៅការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ ជាសកម្មភាពធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយចិនតែមួយ ៕