ព័ត៌មានទាន់ហេតុការណ៍៖

បាត់រ៉ឺម៉កម៉ូតូកង់បី ជាង១០ថ្ងៃ ស្រាប់តែរកឃើញនៅកន្លែងផ្ទះទិញអេត​ចាយ ហើយនៅសល់តែរឺម៉ក បាត់ម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ត្រូវចោរលួចរ៉ឺម៉កម៉ូតូកង់បីបាត់ជាង១០ថ្ងៃ ខណៈនៅវេលាម៉ោង០៩ និង១៥នាទី​ព្រឹក ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ក៏បានរកឃើញនៅកន្លែងផ្ទះទិញអេតចាយ​មួយកន្លែង តាមបណ្ដោយផ្លូវបេតុង​២BT​ ជាប់មាត់ប្រឡាយទឹកស្អុយ ក្នុង សង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​​ ដោយនៅសល់តែកន្ទុយរឺម៉កបាត់ម៉ូតូ រួចក៏ទៅប្ដឹងសមត្ថកិច្ចចុះមកយកកន្ទុយរឺម៉កវិញ​ ព្រមទាំងនាំខ្លួន​អ្នកទិញទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ផងដែរ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់រ៉ឺម៉កមានឈ្មោះ​ ប្រាក់​ យ៉ា​ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ​ រត់រឺម៉កម៉ូតូកង់បី​ ស្នាក់​នៅភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ ។

តាមសម្ដីបុរសរងគ្រោះបានប្រាប់ឲ្យដឹងថា​ កាលពី​យប់រំលងអធ្រាត្រ ឈានចូលថ្ងៃ២២ ខែមីនា ឆ្នាំ២០១៩​ រូបគាត់បានដាក់រ៉ឺម៉កកង់បីដែលមានស្លាកលេខ ព្រៃវែង 1A-3722 នៅមុខផ្ទះរួចចូលដេក​ លុះដល់ម៉ោងប្រហែល៣​ទៀបភ្លឺពេលដែលកូនគាត់មកពីរត់(កង់បី​ ឥណ្ឌា)​វិញទើបដឹង​ថាបាត់រ៉ឺម៉កម៉ូតូ​ រួចព្រឹកឡើងគាត់ទៅដាក់ពាក្យបណ្ដឹងនៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ២​ ។

ក្រោយមក បានបង្ហោះតាម​ហ្វេស​ប៊ុក​ និងបានដើររករហូត លុះព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នេះ ទើបប្រទះឃើញ​ កន្ទុយរុឺម៉ក តែបាត់ម៉ូតូ ទើបរាយការណ៍ទៅសមត្ថកិច្ច​ឲ្យជួយអន្តរាគមន៍មកយករឺុម៉ក និងបាននាំខ្លួនអ្នកទិញយកទៅសាកសួរ​នៅប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ២ផងដែរ ។

បច្ចប្បន្ន​នេះ បុរសអ្នកទិញរ៉ឺម៉កត្រូវបានសមត្ថកិច្ចយកមកសាកសួរ​ និងឃាត់ខ្លួនបណ្ដោះ​អាសន្ននៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ​២ ពីបទទទួលផលចោរកម្ម ។ ចំណែកក្រុមជនសង្ស័យសមត្ថកិច្ចបន្តស្រាវជ្រាវតាម​ចាប់យកមកផ្ដន្ទាទោសតាមច្បាប់​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖