ខេត្តព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងជាង៧យប់ថ្ងៃ៣ ខែមេសា ឆ្នាំ២០១៩ តាមផ្លូវជាតិលេខ៤ ខាងមុខតំបន់សេដ្ឋកិច្ចពិសេសឃុំបិតត្រាំង ស្រុកព្រៃនប់ មានគ្រោះថ្នាក់ចរាចរណ៍បុកប៉ះគ្នា រវាងរថយន្ត និងម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ ។
យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងក្នុងពេលដែលភាគីខាងម៉ូតូមួយគ្រឿងម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាក លេខព្រះសីហនុ1H-4820 បើកបរដោយឈ្មោះ យស់ សុុខណា ភេទប្រុស អាយុ30ឆ្នាំ មុខរបរកម្មករសំណង់ និងអ្នករួមដំណើរ ម្នាក់(មិនទាន់ស្គាល់អត្តញ្ញាណ ) បានបើកឆ្លងថ្នល់ពីកើតទៅលិច ស្របពេលមានរថយន្តមួយគ្រឿងម៉ាក HYUNDAI មួយគ្រឿងគ្មានស្លាក លេខ ដែលមានទិសដៅចូលទៅក្រុងព្រះសីហនុ បើកបរដោយឈ្មោះ សោ សត្យា ភេទប្រុស អាយុ 24ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅសង្កាត់1ក្រុងព្រះសីហនុ ហ្វ្រាំងមិនទាន់ក៏បានបុកម៉ូតូដែលកំពុងបត់ឆ្លងផ្លូវនោះតែម្តង បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះ យស់ សុខណា ស្លាប់នៅកន្លែងកើតហេតុ ។
បច្ចុប្បន្ន សាកសព បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៌ រីឯ វត្ថុតាង ម៉ូតូ និងរថយន្តយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិដ្ឋាននគរបាលស្រុកព្រៃនប់ ។
ដោយឡែកអ្នកបើកបររថយន្តសមត្ថកិច្ច បានឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំងដើម្បីសួរបន្តតាមនិតិវិធី ៕ ឆ្លាម សមុទ្រ