ព័ត៌មានទាន់ហេតុការណ៍៖

ផ្សាដែកមិនប្រយ័ត្ន បង្កជាអគ្គិភ័យឆាបឆេះផ្ទះ២ខ្នងនៅសង្កាត់និរោធ

ចែករំលែក៖

ភ្នំពេញ ៖ លំនៅឋានពលរដ្ឋ២ខ្នង ដែលប្រកបអាជីវកម្ម ធ្វើកុងម៉ាសែនសម្រាប់លក់ ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង តែមិនឆេះរាលដាលដល់លំនៅឋានផ្សេងទៀតនោះឡើយ ។

ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១៦ និង៤៥នាទីល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិតាងូវក្រោម តាមបណ្តោយផ្លូវបាស្ព័រ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្នុងនោះផ្ទះមួយខ្នងជាប្រភេទឃ្លាំងសង់ឡើង ពីដែកប្រក់ដំបូលសង្ក័សី និងមួយខ្នងទៀតជាប្រភេទផ្ទះល្វែង ដែលលំនៅឋានទាំង២ មានម្ចាស់រួមតែមួយ ។

តាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមកម្មករ បាននាំគ្នាផ្សាដែក លុះផ្សាបានមួយសន្ទុះ ក៏ខ្ទាតកម្ទេចភ្លើងទៅលើកុងម៉ាឈើ ដែលទុកនៅក្បែរនោះ បណ្តាលឲ្យឆាបឆេះឡើង រាលដាលដល់កុងម៉ាឈើជាច្រើនទៀត ដែលតម្រៀបនៅក្បែរនោះ បង្កជាអណ្តាតភ្លើងឆាបឆេះឡើង យ៉ាងសន្ធោរសន្ធៅ តែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋក្បែរខាង នាំគ្នាជួយយកទឹកបាញ់ពន្លត់ និងទំនាក់ទំនងទៅកាន់ អាជ្ញាធរមូលដ្ឋានឲ្យចុះជួយអន្តរាគមន៍ ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាជ្ញាធរចម្រុះ មាននគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងប្រជាការពារ ដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមទាំងរថយន្តពន្លតើអគ្គិភ័យជាច្រើនគ្រឿង បានចុះអន្តរាគមន៍ ដើម្បីបាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង ។ ក្រោយការអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់រួចមក អណ្តាតភ្លើងត្រូវបានរលត់សូន្យសុងទៅវិញ១០០ភាគរយ នៅវេលាម៉ោងជិត៧យប់ ក្នុងហេតុការណ៍នេះដែរសម្ភារ និងទ្រព្យសម្បត្តិអស់មួយចំនួនធំត្រូវភ្លើងឆេះអស់ ។

សមត្ថកិច្ចដែលចេញអន្តរាគមន៍បានប្រាប់ថា អគ្គិភ័យខាងលើនេះ ប្រើប្រាស់រថយន្តពន្លត់អស់ជិត២០គ្រឿង នឹងប្រើប្រាស់ពេលវេលាជិត២ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយ តែពុំមានបណ្តាលឲ្យមានមនុស្សណាម្នាក់រងរបួសឡើយ ហើយក៏ពុំមានការរាលដាលដល់លំនៅឋានដទៃផ្សេងទៀត ក្រៅពីលំនៅឋានទាំងពីរនេះ ៕ សណ្តោស


ចែករំលែក៖