ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើលរូបគោ នៅរង្វង់មូលរូបគោ៤ ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកបុកពេញទំហឹង បណ្ដាលឲ្យបាក់ប្រេះ ត្រឹមក កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។
បើតាមលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានរថយន្តបើកបុករូបគោភ្លាម ទើបលោកបានចុះទៅពិនិត្យកន្លែងកើតហេតុ ឃើញថា រូបចម្លាក់គោ៤ ដេកបែរមុខរកទិស៤ ត្រូវបានរងការខូចខាតរូបគោមួយ ដែលបែរមុខទៅខាងលិចគឺបាក់ប្រេះត្រឹមក ។
លោកបានបន្តទៀតថា ករណីនេះបង្កឲ្យមានការខូចខាតរូបចម្លាក់គោ អាចនៅពេលម៉ោងទៀបភ្លឺ ព្រោះនៅចម្ងាយពីកន្លែងកើតហេតុប្រហែល៥០ម៉ែត្រ មានរោងប្រជាការពារប្រចាំការម៉ោង១១ទៅ១២យប់ ដោយពួកគាត់មិនទាន់សម្រាកទេ ខណៈខាងមន្ទីសាធារណការខេត្ត ក៏អំពាវនាវដល់ម្ចាស់រថយន្តដែលបើកបុកនោះចេញមុខមកដោះស្រាយតាមផ្លូវច្បាប់ ព្រោះនៅក្បែរកន្លែងនោះក៏មានកាមរ៉ាសុវត្ថិភាពផងដែរ ៕ យឹម សុថាន