ភ្នំពេញ៖ តារាចម្រៀង និងសម្តែងប្រុស លោក ហេង នរៈកក្កដា និងអ្នកចម្រៀងរហ័ស្សនាមមេម៉ាយសប្បាយចិត្ត រ័ត្ន រចនា ត្រៀមខ្លួនឡើងយន្តហោះ ឡើងទៅកាន់ប្រទេសអូស្ត្រាលីក្នុងពេលឆាប់ៗនេះ ។ ការចេញដំណើរបង្កើតទស្សនីយភាពសិល្បៈ និងបង្កបរិយាកាសសប្បាយរីករាយនេះ គឺជាការឆ្លៀតពេលដ៏មមាញឹករបស់អ្នកទាំងពីរ ដែលកំពុងតែកាក់កបនឹងការងារក្នុងស្រុកផងដែរ ។
រាសីឡើងស្រឺតៗ ជាមួយនឹងស្នាដៃបទចម្រៀងថ្មី តារាចម្រៀង រ័ត្ន រចនា នឹងដឹកដៃតារាប្រុសស្រស់សង្ហារ លោក ហេង នរៈកក្កដា ចេញទៅច្រៀងរាំនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ ។
លោក ហេង នរៈកក្កដា បានបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលលោកបានចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសអូស្ត្រាលី ។ តារាប្រុសរូបនេះ លើកឡើងថា ជាឱកាសជួបជុំដ៏ល្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយលោក និងសិល្បករទាំងអស់បានត្រៀម បទចម្រៀងមួយចំនួនដើម្បីបម្រើការស្តាប់ និងរាំលេងកម្សាន្តនាឱកាសនោះផងដែរ ។ លោកថា ក្រៅពីលោក និងកញ្ញា រ័ត្ន រចនាក៏មានសិល្បករខ្មែរពីររូបផ្សេងទៀតមានកញ្ញា ស៊ីឌី និងលោក វ៉ាឌី ហេឡេនផងដែរ ។
លោកបញ្ជាក់ដែរថា សិល្បករទាំងអស់នឹងត្រូវចំណាយពេល ប្រមាណ១ខែដើម្បីចេញទៅច្រៀងរាំនៅតាមតំបន់ដែលមានប្រជាជនខ្មែររស់នៅ និងដើម្បីបង្កើតបរិយាកាសជួបជុំសប្បាយរីករាយ និងជាឱកាសសម្រាប់ជួយស្វែងរកថវិកា ពីការលក់សំបុត្រឲ្យទៅសមាគមខ្មែរ ដែលជួយដល់ក្មេងកំព្រា និងចាស់ជរានៅកម្ពុជាផងដែរ ។
តារាសម្តែងរូបនេះ បញ្ជាក់ដែរថា ដោយសាររវល់នឹងការងារក្នុងស្រុកច្រើន លោកមិនមានពេលវេលាយូរដើម្បីចេញទៅច្រៀងរាំនៅទីនោះទេ ព្រោះតែបច្ចុប្បន្ន ទាំងលោក និងកញ្ញា រចនា សុទ្ធតែមានការងារច្រើននៅក្នុងស្រុក ។ ទោះជាយ៉ាងណារយៈពេលមួយខែពេញនេះ លោករំពឹងថាលោក និងសិល្បករទាំងអស់នឹងអាចបង្កើតបរិយាកាសសប្បាយរីករាយ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ៕ វឌ្ឍនា