ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនខ្វះការប្រុងប្រយត្ន័ កៀរគ្នារបួសមនុស្សធ្ងន់ស្រាលជាង១០នាក់នៅស្រុកឧដុង្គ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់ ក៏មានកម្មការិនីរោងចក្រម្នាក់ បានដាច់ដៃម្ខាង រងរបួសធ្ងន់ធ្ងរ និងមនុស្សចំនួន១១នាក់ទៀត របួសធ្ងន់ ស្រាល ហើយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅតាមគ្លីនិក និងមណ្ឌលសុខភាពក្បែរកន្លែងកើតហេតុ ខណៈដែលរថយន្តដឹកកម្មកររោងចក្រ២គ្រឿង បើកលឿនកៀរគ្នាកាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣១ ទៅលេខ១៣២ ស្ថិតក្នុង ភូមិខ្នុរអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រភពមន្ត្រីនគរបាលស្រុកឧដុង្គបានស្រង់សម្តីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញមាន រថយន្តមួយគ្រឿងម៉ាក ( Hyundai Mighty) ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A. 1411 បើកបរដោយឈ្មោះ សាម ចន្ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបរ រថយន្តដឹកកម្មករខាង រស់នៅភូមិច្រកខ្លុង ឃុំមនោរម្យ ស្រុកថ្ពង (ដឹកកម្មកររោងចក្រទៅធ្វើការនៅខេត្តកំពង់ឆ្នាំង) បើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅ ពីទិសខាងលិចទៅទិសខាងកើត ក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅប៉ះ និងកៀរជាមួយ រថយន្តមួយគ្រឿងម៉ាក ហ៊ីណូ(Hino)ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ ស្វាយរៀង 3A. 0530 អ្នកបើកបរមិនស្គាល់ឈ្មោះ ដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នាបណ្តាលឲ្យមនុស្សចំនួន ១២នាក់រងរបួសធ្ងន់ ស្រាល ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ទី១.ឈ្មោះ រឿង គន្ធា អាយុ២៩ ឆ្នាំ ២.ឈ្មោះ ភី ខេម អាយុ១៨ឆ្នាំ ៣.ឈ្មោះ ឃុំ ស្រីពេញ អាយុ ២៦ឆ្នាំ ៤.ឈ្មោះ ឡង់ ស្រីសរ អាយុ១៩ឆ្នាំ ៥.ឈ្មោះ វេន សុខា អាយុ ៣៥ឆ្នាំ ៦.ឈ្មោះ ចែល ណា អាយុ១៩ឆ្នាំ ៧.ឈ្មោះ រ៉ាន់ រ៉េន អាយុ ៣២ឆ្នាំ ៨.ឈ្មោះ ផេន សុទុំ អាយុ ២៥ឆ្នាំ ៩.ឈ្មោះ មាស ផល្លី អាយុ៣៧ ឆ្នាំ ១០.ឈ្មោះ រ៉េម សុខរ៉ា អាយុ២១ឆ្នាំ ១១.ឈ្មោះ រី ថងក្វាវ អាយុ ២២ឆ្នាំ ១២.ឈ្មោះ រី រឿន អាយុ២០ឆ្នាំ អ្នកទាំង១២នាក់នេះ រស់នៅភូមិច្រកខ្លុង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ប្រភពបានបន្តថា ក្រោយពីកើតហេតុអ្នកបើកបររថយន្តទាំងពីរគ្រឿងបានចុះរត់គេចខ្លួនបាត់ស្រមោល ។

ចំពោះកម្មករទាំង១២នាក់ខាងលើ ត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកឧដុង្គ និងគ្លីនិកឯកជន ។

ក្រោយកើតហេតុ នគរបាលស្រុកថ្ពងចុះទៅធ្វើការវាស់វែង ដឹកអូសយករថយន្តទាំង២គ្រឿង ត្រូវបាននគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ រង់ចាំម្ចាស់តៃកុងរថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕ សេនាស័ក្តិ


ចែករំលែក៖