ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទដៃបានហើយ តែរត់មិនរួច ចំថ្ងៃស៊យ ប៉ះនគរបាលប៉ុស្តិ៍អូរបែកក្អម ដេញតាមចាប់បានល្មម

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញម្នាក់ ត្រូវអស់ល័ក្ខ ដោយសារស្នាដៃនគរបាលប៉ុស្តិ៍អូរបែកក្អម បង្ក្រាបបានក្រោយពីរូបគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ បានហើយ តែរត់មិនរួច ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៧ និង១០នាទីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខហាងទូរសព្ទ័ដៃណូគា ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យ ឈ្មោះ គឹម សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ លេខ១២៨ ផ្លូវបេតុង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះឈ្មោះ ទេព ធីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ២៦ ផ្លូវបេតុង ភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារបន្សល់ទុក ៖ ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូន ប្រគល់ឲ្យជនរងគ្រោះវិញ និងម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខកណ្តាល 1T-4374 របស់ជនសង្ស័យ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យខាងលើ បានជិះម៉ូតូមកជិតជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីដៃជនរងគ្រោះបាន រួចជិះម៉ូតូគេចខ្លួន តែត្រូវបានកម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម ល្បាតដល់ចំណុចកើតហេតុឃើញ ដេញតាមចាប់បានជនសង្ស័យខាងលើយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖