ភ្នំពេញ៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឃាត់ខ្លួន លោកផ្កាយ១យោធា ឃួន សុវណ្ណ មានតួនាទីជានាយករង អធិការដ្ឋាន នៃអគ្គបញ្ជាការ និងប្រពន្ធ ដោយប្ដឹងចោទប្រកាន់ពីបទឆបោកប្រាក់រាប់ម៉ឺនដុល្លារ ថ្លៃរត់ការចូលបម្រើការងាររដ្ឋបាន ដូចជា នគរបាល ទាហាន និងគ្រូបង្រៀនជាដើម ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះថា លោកឧត្តមសេនីយ៍ត្រី ឃួន សុវណ្ណ និងភរិយា ឈ្មោះ ទ្រី ណាត ជាមន្ដ្រីនគរបាលជាន់ខ្ពស់ នៅក្រសួងមហាផ្ទៃ ត្រូវបានចាប់ខ្លួន និងកំពុងសាកសួរ ដើម្បីចាត់វិធានការទៅតាមនីតិវិធី ។
តាមប្រភពពីបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា អ្នកចង់ចូលទាហាន police PM គ្រូបង្រៀន អស់ម្នាក់ 6500$! ទើបប្រជាពលរដ្ឋចំនួន ១៨ នាក់ ត្រូវបានលោកផ្កាយ ១ ឃួន សុវណ្ណ នាយករងអធិការកិច្ចអគ្គបញ្ជាការ បោកប្រាស់អស់លុយខ្ទង់ ១០០.០០០ ដុល្លារ ។ ដោយបុគ្គល២នាក់ប្តីប្រពន្ធខាងលើនេះ កំពុងតែធ្វើព្យុះភ្លៀងពេញផ្ទៃប្រទេសហើយ ខណៈដែលពួកគេដើរលួងលោមបោកប្រាស់ ពលរដ្ឋនៅខេត្តឆ្ងាយៗដាច់ស្រយាល ដោយយករូបភាពប្តីមានងារជាឯកឧត្តម ផ្កាយ១ កាន់ខាងរើសទ័ពចូលបំរើការងារ ចំណែកប្រពន្ធវិញ ដើរតួរជាជំទាវ ផ្កាយ៣ (អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ) និងថាជាខ្សែថ្នាក់កំពូល រើសទ័ព រើសប៉ូលិស រើសគ្រូ គឺនាងនេះ អាចសុំបានទាំងអស់ ឲ្យ តែឲលុយវាមក វាជួយបានទាំងអស់ ។
មន្ដ្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងទៀតថា មុន និងឈានទៅការបោកលុយបានជាប្រពន្ធ័ ក្នុងភូមិបាណក់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ៖ ប្តីប្រពន្ធ២នាក់នោះ បានដើរតួរជាមនុស្សធម៍ ចែកអំណោយ ជាអាយកូមវិទ្យុរទាក់ទង ឲ្យ ប្រជាការពារ ១គ្រឿង ២០ដុល្លារ ចំនួន ៥គ្រឿង និងចែកខោអាវ ឲប្រជាការពារ ១កំផ្លេរ២០ដុល្លារចំនួន ៨កំផ្លេរ ហើយ និងការយករូបមន្ត ចុះសួរសុខទុក្ខ ចែកអំណោយ ដល់ចាស់ៗក្រីក្រ ឲអ្នកភូមិឃើញថា២ក្បាលវានេះ ជាមនុស្សល្អ ជាអ្នកធំ មានលុយ មុខមាត់ពិតៗ ព្រោះទូរសព្ទ័ ២នាក់នេះ មានរូបថត សុំ selfie ជាមួយថ្នាក់ដឹកនាំទាំងអស់ ។
ប្រភពបន្តថា ក្រោយដឹងថា ចាញ់បោកគេទើប ប្រជាពលរដ្ឋចំនួន ១៨នាក់បានឡើងមកដាក់ ពាក្យបណ្តឹងទៅ កងរាជអាវុធហត្ថផ្ទៃប្រទេស សូមប្តឹងឈ្មោះ ឃួន សុវណ្ណ មានមុខរបរជាមន្ត្រីយោធា ពាក់ផ្កាយ១ នាយករងអធិការកិច្ច អគ្គបញ្ជាការ , និង ប្រជាពលរដ្ឋ ១ក្រុមទៀត ចំនួន ជាង ២០នាក់ ក៏បានដាក់ពាក្យបណ្តឹងទៅឈ្មោះ ទ្រី ណាត់ រួចរាល់ផងដែរ ។
ក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ដែរ ខ្ញុំសូមសំណូមពរ ឲប្រជាពលរដ្ឋទាំងអស់ នៅស្រុកជិត ឆ្ងាយក្តី សូមកុំចាញ់បោកការឃោសនារបស់ក្រុមទុច្ចរឹក គឺបច្ចុប្បន្ននេះក្រោមការដឹកនាំ កំណែទម្រង់សុីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺគ្មានការស៊កប៉ាន់ យកលុយ ពីបេក្ខជន ចូលធ្វើមន្ត្រីរាជការ ដោយមិនមានការប្រលង ជ្រើសរើសទៅតាមក្របខណ្ឌ័របស់មន្ត្រីរាជការនោះឡើយ ហើយក៏ផ្តើមចេញពីសមត្ថភាព គ្មានខ្សែ បក្សពួក ដូចការលើកឡើងរបស់ក្រុមជនឆបោកនោះដែរ ។
បើមានករណី ឆបោកដូចរូបភាពខាងលើ ពលរដ្ឋត្រូវប្តឹងទៅអាជ្ញាធរមូលដ្ឋាននៅក្បែផ្ទះ និងអាចដាក់ពាក្យទៅ ស្ថាបន័ប្រឆាំងអំពើពុករលួយ ជាដើម ។ ល ។ ឬតាមរយះលេខ នគរបាលរាជធានីភ្នំពេញ 012 999 999 /២៤ម៉ោង ក្នុងការបំរើពលរដ្ឋ ។
យោងតាមរបាយការណ៍បានបញ្ជាក់ថា ទទួលបានប្រជាពលរដ្ឋជាច្រើននាក់ ខ្លះចាញ់បោកចាប់ពី១៥០០ដុល្លារ រហូតដល់ជាង៦០០០ដុល្លារ ទៅលើបុគ្គលទាំងពីរនាក់ប្ដីប្រពន្ធនេះ ដើម្បីឲ្យពួកគេរត់ការនាំកូនចៅរបស់ខ្លួនឲ្យចូលធ្វើជានគរបាល ជាទាហាន ជាអាវុធហត្ថ និងគ្រូបង្រៀនជាដើម ។ បើទោះបីទំហំទឹកប្រាក់មិនទាន់អាចបញ្ជាក់ពិតប្រាកដ ប៉ុន្ដែចន្លោះពី១០ ទៅ២០ម៉ឺនដុល្លារ ដែលពួកគេបានបោកប្រាស់ពីប្រជាពលរដ្ឋ ។
យោងតាមប្រភពព័ត៌មានពីខេត្តកំពង់ធំ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋជាច្រើននាក់ ធ្លាក់ខ្លួនក្នុងអំពើឆបោកដោយសារពីរនាក់ប្ដីប្រពន្ធនេះ ក៏ព្រោះតែប្រជាពលរដ្ឋបានស្គាល់ពួកគេ ធ្លាប់បានចុះចែកអំណោយជូនប្រជាជននៅតំបន់ដាច់ស្រយាលជាច្រើនលើក រហូតធ្វើឲ្យពួកគាត់ជឿទុកចិត្ត ទើបមកពឹងពាក់យ៉ាងដូច្នេះ ។ ដោយពលរដ្ឋរងគ្រោះទាំងនោះ ខ្លះបានលក់គោក្របី និងដីស្រែចំការ ដើម្បីយកលុយទៅឲ្យពួកគេទាំងពីរនាក់ប្ដីប្រពន្ធ រត់ការចូលបម្រើការងាររដ្ឋ ប៉ុន្ដែនៅទីបំផុតម្នាក់ៗ បានត្រឹមតែសោកស្តាយ និងយំស្រែកតែប៉ុណ្ណោះ ៕ សហការី