ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺប៉េស្តជ្រូកអាហ្វ្រិកបន្ដរីករាលដាលដល់ស្រុកអូរជុំខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី ៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានកើតឡើងនៅប្រទេសវៀតណាម បានសម្លាប់សត្វជ្រូករាប់ពាន់ក្បាល និងរាល ដាលមកដល់ស្រុកអូរយ៉ាដាវខេត្តរតនគិរីជាប់ព្រំដែនប្រទេសវៀតណាម។ ឥឡូវ នេះបានបន្ដរាលដាលដល់ស្រុកអូរជុំខេត្ត រតនគិរីដោយបានសម្លាប់សត្វជ្រូករបស់ អ្នកស្រុកអស់ជាច្រើនក្បាល ។

លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិត កម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទបានឲ្យដឹងនៅថៃ្ងអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នេះថា «យើងបានទទួលព័ត៌មានស្តីពី សាច់ជ្រូកងាប់នៅមុនចូលឆ្នាំហើយយើងបានយកវត្ថុធាតុមកវិភាគដល់ពេលចូលឆ្នាំហើយយើងរកឃើញថាមានជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះបានបន្ដរាលដាលដល់ស្រុកអូរជុំ ខេត្តរតនគិរី»។

លោកអគ្គនាយកបានបញ្ជាក់ថា «ក្រុម ការងាររបស់យើង កំពុងតែសិក្សា តើវាប៉ះពាល់ដល់សត្វជ្រូកប៉ុន្មានក្បាល ប៉ះពាល់ប៉ុន្មានភូមិនៅឃុំណាខ្លះផងដែរ។ បច្ចុប្បន្ន ក្រុមការងាររបស់យើងបានបិទការនាំចេញ សត្វជ្រូកទូទាំងខេត្តនិងចាត់វិធានការទប់ស្កាត់កុំឲ្យរាលដាលបន្ត»។

អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វរូបនេះក៏បានឲ្យ ដឹងផងដែរថា ចាប់តាំងពីជំងឺប៉េស្តជ្រូក អាហ្វ្រិកនេះ បន្ដរាលដាលដល់ស្រុកអូរជុំ ខេត្តរតនគិរី វាបានសម្លាប់សត្វជ្រូកចំនួន១០៥ក្បាលហើយ ខណៈដែលនៅក្នុងស្រុកអូរជុំជ្រូកមានជំងឺជាង៣០០ក្បាល។

ចំពោះវិធានការសម្រាប់ទប់ស្កាត់ត្រូវបាន លោក តាន់ ផានណារ៉ា អះអាងថា ដូចទៅនឹងតំបន់ក្នុងស្រុកអូរយ៉ាដាវដែរ ដោយដាក់តំបន់នោះជាតំបន់ហាមឃាត់ ចរាចរសត្វ និងអញ្ជើញប្រជាពលរដ្ឋដែលចិញ្ចឹមជ្រូក មកអប់រំផ្សព្វផ្សាយអំពីជំងឺបេ៉ស្តជ្រូកអាហ្រ្វិកដែលបណ្តាលឲ្យជ្រូកអ្នក ស្រុកងាប់ ដូច្នេះមិនគួរទុកសត្វនេះទេ គឺត្រូវ តែដុតកម្ទេចចោល ។

សូមបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនមានជាហានិភ័យដល់សុខភាពមនុស្សទេ ប៉ុន្តែជំងឺនេះជាហានិភ័យដល់សត្វជ្រូកស្រុក និងជ្រូកព្រៃដោយសារមេរោគអាច រស់បានរយៈពេលយូរក្នុងសាច់ជ្រូកកែច្នៃ សាច់ជ្រូកសម្ងួត និងសាច់ជ្រូកប្រឡាក់។

បច្ចុប្បន្នមិនមានវិធីព្យាបាលជំងឺនេះ ឲ្យជាសះស្បើយ និងមិនទាន់មានថ្នាំបង្ការ ឬព្យាបាលណាមួយដែលមានប្រសិទ្ធភាពនៅឡើយ។ ដូច្នេះនៅពេលដែលសត្វជ្រូកឆ្លងជំងឺនេះ វិធានការតែមួយគត់ គឺកម្ទេចហ្វូងជ្រូកដែលទទួលរងផលប៉ះពាល់តែ ម្តង ៕ ហេង នរិ​ន្ទ្រ


ចែករំលែក៖