ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេព្រៃ​ខេត្តព្រះវិហារ​គ្រប់ទឹក

ចែករំលែក៖

មន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា កំពុងកើតឡើងយ៉ាងរាលដាលហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់នោះទេ។ ប្រភពបានឲ្យដឹងទៀតថា លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលក្រុមឈ្មួញនិងក្រុមជនល្មើសជាច្រើននាក់កំពុងបំពានកាប់ឈើអារច្រៀកឈើដឹកជញ្ជូនចេញពីតំបន់អភិរក្សព្រៃព្រះរកា យ៉ាងពេញបន្ទុក។ បញ្ហានេះកំពុងធ្វើឲ្យបទបញ្ជារបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក្លាយទៅជារឿងឥតន័យព្រោះបទល្មើសបំផ្លាញព្រៃឈើក្នុងតំបន់ព្រៃព្រះរកា នៅតែបន្តកើតឡើងយ៉ាងរាលដាល ហើយក្រុមជនល្មើសនិងក្រុមឈ្មួញធំៗនៅតែអាចគេចផុតពីសំណាញ់ច្បាប់យ៉ាងក្រអឺតក្រទម។

ប្រភពដែលស្និទ្ធនឹងប្រធានមន្ទីរកសិកម្ម បានបង្ហើបឲ្យដឹងថាលោក ពឹង ទ្រីដា បានដឹងយ៉ាងច្បាស់ពីរឿងក្រុមឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ចូលទៅខេត្តសៀមរាប និងខេត្តកំពង់ធំ យ៉ាងគគ្រឹកគគ្រេងទាំងថ្ងៃទាំងយប់។ ក៏ប៉ុន្តែលោក ពឹង ទ្រីដា មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើតាមតួនាទីរបស់ខ្លួននោះទេ ហើយបណ្ដោយឲ្យលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ក៏ដូចជាមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ ស្រុកឆែប ស្រុករវៀង ធ្វើអ្វីៗតាមអំពើចិត្ត ។ ដូច្នេះហើយទើបព្រៃឈើដែលនៅសេសសល់ក្នុងខេត្តព្រះវិហារ ទាំងព្រៃព្រះរកា និងព្រៃឡង់ កំពុងប្រឈមនឹងមហន្តរាយព្រោះអីមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធគឺជាអ្នកឃុបឃិតឲ្យមានបទល្មើសកើតឡើងដើម្បីជាថ្នូរនឹងផលប្រយោជន៍។

បើតាមប្រភពពីក្រុមឈ្មួញមួយចំនួនបានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម មេរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ទេនោះគឺពួកគេមិនអាចដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ចូលទៅខេត្តសៀមរាប និងខេត្តកំពង់ធំ បានឡើយ។ ក្រុមឈ្មួញបានបញ្ជាក់ថា ទាល់តែពួកគេបង់លុយតាមការកំណត់របស់លោក ពឹង ទ្រីដា និងលោក នួន សុខុម ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធទើបអាចដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ទៅដល់គោលដៅដោយគ្មានការរំខានពីមន្ត្រីជំនាញនិងសមត្ថកិច្ចតាមផ្លូវ ៕


ចែករំលែក៖