ភ្នំពេញ៖ ប្រភពពីប្រជាពលរដ្ឋបាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថា មានផ្ទះបើកល្បែងស៊ីសងហេ្គមបាញ់ត្រីមួយកន្លែងលេងបានយ៉ាងរលូន ខាងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌចំការមន មិនមានចំណាត់ការបង្ក្រាប ដែលមានទីតាំងផ្ទះយីហោ អ៊ុតសក់ ផ្លូវ២៧១ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅជុំវិញផ្ទះបើកហ្គេមបាញ់ត្រីនោះបាននិយាយបន្តទៀតថា សព្វថ្ងៃពួកគាត់ពិបាករស់នៅដោយសារភាពអនាធិបតេយ្យ សំឡេងថ្លង់ធ្វើឲ្យប៉ះពាល់ដល់ការសម្រាករបស់ពួកគាត់មិនត្រឹមតែប៉ុណ្ណោះក្មេងស្ទាវប្រុស ស្រី ជក់ថ្នាំពាស់ពេញទីកន្លែងនោះ ។ ខណ្ឌចំការមនសំបូរណាស់កន្លែងហ្គេមបាញ់ត្រី សូមឲ្យខាងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌចំការមន គួរមានចំណាត់ការផង កុំបណ្ដែតបណ្ដោយបែបនេះអី ប៉ះពាល់ដល់សង្គមខ្លាំងណាស់ ។
កន្លែងទីតាំងហ្គេមបាញ់ត្រីខាងលើមួយនេះ គេឃើញបើកលេងជាយូរមកហើយ មិនដែលឃើញខាងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌចំការមនចុះមកណែនាំ និងបង្ក្រាបម្ដងណាឡើយ ប្រហែលខាងអាជ្ញាធរ និងសមត្ថកិច្ចពួកគាត់មិនដឹងទេ មើលទៅ ចុះបើពួកគាត់ដឹងនៅទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីមួយខាងលើនេះ តើពួកគាត់ហ៊ានចុះបង្ក្រាបដែរឬទេ ឬមួយត្រូវផ្លែត្រូវដងគ្នាហើយ ។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងហ្គេមបាញ់ត្រីខាងលើនោះ បានសំណូមពរមកដល់លោកអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ទើបនឹងឡើងកាន់តំណែងថ្មីៗ សូមលោកមេត្តាចុះមកត្រួតពិនិត្យ និងមានចំណាត់ការបង្ក្រាបនៅផ្ទះបើកល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះផង ។
ជាពិសេស លោក ស ថេត ស្នងការរាជធានីភ្នំពេញ និងជាអគ្គស្នងការរងនគរបាលជាតិ សូមមេត្តាចាត់កម្លាំងជំនាញ និងមានវិធានការបង្ក្រាបផង ព្រោះពលរដ្ឋជឿជាក់ខ្លាំងណាស់ ៕