ភ្នំពេញ ៖ រថយន្ត ២គ្រឿងបានពន្លះគ្នាពេញទំហឹងនៅផ្លូវជាតិលេខ១ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង៤ និង ៣០នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៩ នៅចំណុចជិតកន្លែងស្ថានីយថ្លឹងរថយន្ត ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយធុនធំ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C.4488 សណ្តោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ4A.2769 ដឹកដែកសរសៃពេញ បានបើកតាមបណ្តោយផ្លូវ ជាតិលេខ១ ទិសដៅពីកើតទៅលិចបើកយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្ត ធុនធំ ប្រភេទកុងតឺន័រសណ្តោងរុឺម៉ក ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A.5585 កន្ទុយរុឺម៉ក ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 4A.0869ដែលបើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតបញ្ច្រាសទិសគ្នាបើក យ៉ាងលឿនដូចគ្នា ក៏ត្រូវបានបុកពេញទំហឹង បណ្ដាលឲ្យរថយន្ត ទាំងពីររេចង្កូតមកឆ្វេងដៃទាំងពីរ រថយន្តកុងតឺន័រធ្លាក់ប្រឡាយ រងការខូចខាតកាប៊ីនកំពិតមើលលែងយល់ តែបាត់តៃកុងមិនឃើញមិនដឹងថា រងរបួសឬអត់នោះទេ ។
ចំណែកឯរថយន្ត ធុនធំហ៊ីយ៉ាន់ដាយដឹកដែកបានរេចង្កូតទៅបុកប្រកាន់ដៃដែកស្ថានីយថ្លឹងរថយន្ត និងបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យបែកបាក់គ្រឹះ ស៊ីម៉ង់ត៍ បង្គោលភ្លើងទ្រេតអស់មួយដើម គៀបជាប់ខូចខាតយ៉ាងដំណំទៅមុខលែងរួច ។ តៃកុងបើកទ្វាររថយន្តចុះរត់បាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនមានអ្នកណារងគ្រោះដល់បាត់បង់ជីវិតនោះទេ ។ គេសង្ស័យតៃកុងរថយន្ត បើកបរដោយភាពងោកងងុយដេក ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយក៏ទាក់ទងទៅជំនាញចរាចរណ៍ក្រុងមកវាស់វែង យករថយន្តទាំងពីរ ទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ