ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនី ទីតាំងលក់ថ្នាំពេទ្យ យីហោ sanofi បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ យកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់

ចែករំលែក៖

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យមានផ្សែងខ្មួលខ្មាញ់ ចេញពីលើពិតានផ្ទះលក់ថ្នាំពេទ្យ បង្កឲ្យប្រជាពលរដ្ឋ និងបុគ្គលិកទីតាំងខាងលើមានការភ្ញាក់ផ្អើល និងបានទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍ នៅទីតាំងកន្លែងកើតហេតុភ្លាមៗ ។ ហេតុការណ៍អគ្គិភ័យនេះ កើតឡើងនៅ១រសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលក់ថ្នាំពេទ្យយីហោ sanofi នៅតាមបណ្ដោយផ្លូវលេខ 117 ហៅផ្លូវក្រមួនស​ ស្ថិតក្នុងសង្កាត់ផ្សារថ្មី 1​ ខណ្ឌដូនពេញ ។

​ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុបុគ្គលិកអង្គុយធ្វើការជាធម្មតាភ្លាមនោះក៏មានឮសំឡេងផ្ទុះ​ ឆ្លងចរន្តអគ្គិសនី​ក៏បានរត់មកមើលស្រាប់តែឃើញមានផ្សែងខ្មួលខ្មាញ់ចេញពី​ ពិតានបង្កឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិក​ និងប្រជាពលរដ្ឋ​រត់ចេញមកខាងក្រៅ​ និងបានទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗនៅចំណុចទីតាំងនេះ ។

បន្ទាប់មកអាជ្ញាធរមូលដ្ឋាន និង​ ប្រជាពលរដ្ឋបាននាំគ្នាវាយកម្ទេច និងទម្លុះពិតាន​ ដែលមានផ្សែងខ្មួលខ្មាញ់ចេញមកខាងក្រៅ​ ថែមទាំងបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ភ្លាមៗក្រោយពីការបាញ់ពន្លត់ដោយបំពង់ពន្លត់អគ្គិភ័យអស់ប្រមាណជាង ១០ បំពង់​ និងបានកាត់បិទចរន្តអគ្គិសនី​ ទើបអាចគ្រប់គ្រងនូវការឆ្លងចរន្តអគ្គិសនីនេះបានភ្លាមៗ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមន្ត្រីជំនាញពន្លត់អគ្គិភ័យក៏បានសំណូមពរទៅកាន់បងប្អូនប្រជាពលរដ្ឋសូមឲ្យមាននូវបំពង់ពន្លត់អគ្គិភ័យតាមផ្ទះរៀងខ្លួន និង​ ទីតាំងអាជីវកម្ម និងមុខរបររកស៊ីផ្សេងៗ​ ត្រូវមានបំពង់ពន្លត់អគ្គិភ័យគ្រប់ទីតាំង​ ដើម្បីផ្ដល់ភាពងាយស្រួល និងបង្ការការពារក្នុងករណីអគ្គិភ័យឆាបឆេះផ្សេងៗ​ និងអាចបាញ់ពន្លត់មុនរថយន្តពន្លត់អគ្គិភ័យ ធ្វើដំណើរទៅដល់ និងអាចទប់ស្កាត់ ឬក៏អាចពន្យារពេលបាន ៕​ ជ្រោយពេជ្រ


ចែករំលែក៖